រឿង ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦

ចែករំលែក៖

ទិដ្ឋភាពតក់ស្លុតមួយបានលេចឡើងនៅក្នុងកូនក្រុងតូចមួយស្ថិតក្នុងភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តរត់ខ្វែងខ្វាត់ដែលមានអ្នកជិះក្នុងរថយន្តនោះមិនលើសពី ១០ នាក់ឡើយក្នុងរថយន្តនីមួយៗ។ សំឡេងឧគ្បោសនស័ព្ទបានលាន់ឮបន្តបន្ទាប់គ្នាតាមរលកសំឡេងដ៏មុតស្រួចរបស់យុវវ័យប្រហែល ២០ឆ្នាំម្នាក់។ យុវជននោះបានស្រែកប្រកាសថា ឲ្យប្រជាពលរដ្ឋទាំងឡាយដែលរស់នៅក្នុងក្រុងប៉ៃលិន ត្រូវតែចាកចេញពីលំនៅដ្ឋានរបស់ខ្លួនត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះដើម្បីរៀបចំស្រុកទេសកម្ចាត់ពួកខ្មាំងសត្រូវដែលបានបង្កប់ខ្លួននៅក្នុងតំបន់នេះ។ ប្រជាជនខ្មែររាប់ពាន់នាក់ត្រូវបានជម្លៀសចេញអស់ពីក្រុងប៉ៃលិន។ ប៉ៃលិន គឺជាតំបន់មួយដែលសម្បូរទៅដោយរ៉ែធម្មជាតិដ៏មានតម្លៃមហាសាល។ នៅទីនោះមានជនជាតិជាច្រើនរស់នៅរួមមាន ព្នងងគួយនិងកូឡា(ភូមា)ជាដើម។
ស្នូរអាវុធលាន់ឮដូចលាយផ្ទុះនៅទីជិតទីឆ្ងាយ ក្រោមការបញ្ជារបស់ក្រុមឈុតខ្មៅមួយក្រុមទៅលើគ្រួសារអ្នករស់នៅក្នុងតំបន់ត្បូងកណ្ដៀង ព្រោះគ្រួសារខ្លះស្ទាក់ស្ទើរចិត្តក្នុងការចាកចេញពីផ្ទះទាំងទទឹងទិសដូច្នេះ។ គ្រប់ផ្ទះបានបិទទ្វារចោលយ៉ាងស្ងាត់ជ្រងំត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ សំឡេងរទ្រហោរយំស្ដាយស្រណោះទ្រព្យសម្បត្តិផ្ទះសម្បែង និងការមិនចង់ឃ្លាតចោលពីលំនៅដ្ឋានរបស់អ្នកស្រុកបានបន្លឺឡើងធ្វើឲ្យឮដល់ក្រុមឈុតខ្មៅ ធ្វើឲ្យពួកគេខឹងសម្បារមិនពេញចិត្តរាល់ទង្វើទាំងអស់នេះឡើយ។ ប្រជាជនខ្លះត្រូវកងទ័ពអាវខ្មៅបាញ់សម្លាប់ចោលនៅនឹងកន្លែងភ្លាមៗ ដោយសារតែពួកគេមិនព្រមចាកចេញពីផ្ទះ។
នៅតាមផ្លូវជាតិលេខ ៥៧ ពីប៉ៃលិនទៅបាត់ដំបង មនុស្សជាច្រើននាក់ដើរតម្រង់មករកស្រុកផ្សេងៗ ដែលអង្គការបានកំណត់ឲ្យពួកគេស្នាក់នៅ និងធ្វើការជាបណ្ដោះអាសន្ន។ ទាហានលន់ នល់ ជាច្រើនដែលអង្គការចាត់ទុកថាជាសត្រូវ ត្រូវបានសម្លាប់ដេកហើមស្ពីងពាសពេញផ្លូវគ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អ្វីៗសព្វបែបយ៉ាងប្រែប្រួលខុសពីប្រក្រតីទាំងស្រុង ជាពិសេសរបៀបគ្រប់គ្រងដោយអង្គការថ្មីមួយនេះ។ យុវជនអាវខ្មៅក្មេងៗស្ពាយកាំភ្លើងដើរល្បាតយ៉ាងអង់អាច ព្រមទាំងមានទឹកមុខមាំគួរឲ្យខ្លាចរអាក្រៃលែង។ ប្រជាជនធ្វើដំណើរសម្រុកចេញព្រមៗគ្នា។ លុះមកដល់បន្ទាយក្បែរដីក្រហមអង្គការបានប្រកាសឲ្យហ្វូងមនុស្សទាំងអស់ឈប់សម្រាកដាំបាយហូបរៀងៗខ្លួន។ យើងដាំបាយយ៉ាងលំបាកទំរាំនឹងបានហូប។ ពេលជម្លៀស យើងខ្វះទាំងទឹក ខ្វះទាំងម្ហូប ចំណែកក្មេងៗស្រែកយំព្រោះអត់អាហារយូរពេក។ លុះហូបចុកមិនទាន់នឹងរួចស្រួលបួលផង យើងត្រូវចូលដេកនៅក្នុងកូនមុងតូចៗរបស់យើងខណៈក្រុមគ្រួសារផ្សេងទៀតបានយកលំហមេឃទាំងមូលធ្វើជាដំបូលផ្ទះ។
បីថ្ងៃកន្លងផុតទៅ ហ្វូងមនុស្សទាំងឡាយចេះតែបន្តដំណើរទៅតាមទិសដៅដែលអង្គការបានបែងចែកតំបន់ឲ្យ។ ក្តីសង្ឃឹមដែលអង្គការបានសន្យាថា ឲ្យយើងត្រឡប់មកកាន់ផ្ទះសម្បែងវិញក៏លែងមានទៀតដែរ។ អង្គការកំពុងតែដុតដៃដុតជើងបោសសម្អាតពួកខ្មាំងយ៉ាងមមាញឹក។ ហ្វូងមនុស្សត្រូវបានកាត់ជាផ្នែកៗ ផ្នែកខ្លះត្រូវទៅខាងអូរអណ្ដូង ត្រែង ដំណាក់ស្ដៅ និងមួយចំនួនទៀតត្រូវទៅខាងភ្នំដូនមាឃ ច្រាំងចោត រូងអំពុះឃ្លាំង និងកំពង់គល់។ ការងារនៅតាមមូលដ្ឋានដែលអង្គការដាក់ឲ្យធ្វើពិតជាលំបាកខ្លាំងណាស់។ មនុស្សមួយចំនួនធំដូចជា អតីតកុងសែថៅកែត្បូង និងមន្ត្រីរាជការជាអ្នកមិនធ្លាប់ធ្វើការងារធ្ងន់ៗហើយគួបផ្សំនឹងការហូបចុកមិនគ្រប់គ្រាន់ផង បានធ្វើឲ្យអ្នកទាំងនោះបាក់កម្លាំងស្គមស្គាំង ស្បែកដណ្ដប់ឆ្អឹង។ ក្មេងៗមួយភាគធំបានស្លាប់ជាបន្តបន្ទាប់ដោយសារកង្វះអាហារ និងឈឺគ្មានថ្នាំលេបជាដើម។
សុរិយាអស់ស្តង្គតរលត់បាត់ទៅ បានបន្សល់ទុកនៅចំហាយក្តៅៗចេញពីដីខ្សាច់នៅតាមផ្លូវរទេះគោ។ នរៈ ពាក់អាវខ្មៅមាមឈ្នួតក្បាលនឹងក្រមា ស្មាលីកាំបិតខ្វែវដើរចេញពីចម្ការឫស្សីជាជួរៗយ៉ាងមានរបៀបក្នុងសភាពហេវហត់ខ្លាំង។ ក្នុងនោះមានបុរសម្នាក់ដែលមានឆ្អឹងធំ សម្បុរជ្រះបន្តិច បានដើរចូលក្នុងកូនខ្ទមប្រក់ស្លឹកដូងដែលអង្គការបានប្រគល់ឲ្យជាកម្មសិទ្ធិ។ គាត់បានយកកាំបិតទៅបញ្ឈរនៅក្បែរកូនឆ្នាំងដាំថ្នាំបុរាណមួយសម្រាប់អ្នកទើបតែសម្រាលកូនរួច។
មីងខែម÷ យ៉ាងម៉េចដែរពុកវាការងារថ្ងៃនេះ?
ពូម៉ឺនដើរទៅជិតទឹកថ្នាំហូបបន្ទាប់ពីគាត់ឱនឈ្ងោកមើលកូនទារកដ៏គួរឲ្យស្រឡាញ់របស់គាត់។រួចឆ្លើយតបទៅនឹងសំណួររបស់ប្រពន្ធគាត់ថា÷
ពូម៉ឺន÷ ការងារដែលអង្គការដាក់ឲ្យកាប់ផ្កាព្រៃនោះ ពិតជាលំបាកណាស់ ពីព្រោះដីព្រៃនោះមានទំហំធំ ហើយព្រៃក្រាស់ទៀត។ ចំណែកអ្នកកាប់ព្រៃមានតែដប់នាក់ទេ។ ម្យ៉ាងទៀតអង្គការបានបង្ខំយើងធ្វើឲ្យរួចរាល់ក្នុងថ្ងៃនេះតែម្ដង។ អង្គការបានប្រាប់យើងថា ស្អែកនឹងត្រូវទៅកាប់ព្រៃផ្សេងទៀតមិនអាចធ្វើការងារប៉ុណ្ណោះត្រាំត្រែងយូរថ្ងៃឡើយ។ កូនប្រុសយើងមានយំធ្វើទុកម៉ែវាឯងទេ? មីងខេមតបមកវិញថា មិនធ្វើទុក្ខអ្វីទេឃើញដេករហូត។ ចុះពុកវាឯងទៅកាប់ព្រៃមានជួបអ្នកស្គាល់ទេ?
ពូម៉ឺន÷ ខ្ញុំបានជួបនឹងអ្នកស្គាល់មុខម្នាក់កាលយើងនៅរកស៊ីត្បូងនៅបរទាំងស៊ូ ថែមទាំងធ្លាប់មានទាស់ពាក្យសំដីនឹងគ្នាពីរឿងត្បូងម្ដងទៀតផង។
មីងខែម÷ នរណាគេទៅពុកវា?
ពូម៉ឺនរៀបនឹងឆ្លើយតបទៅវិញស្រាប់តែសមមិត្តម៉េងដើរចូល រួចមីងថែមនិយាយថា ហ៊ាម៉េង ។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print