ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នារាត្រីថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
បើតាមការលើកឡើងរបស់លោក លី ស៊ីនហួរ បានបញ្ជាក់ថា ចាប់តាំងពីករកើតសមាគមសភាពណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគមពាណិជ្ជករចិនផ្សេងទៀត ការជម្រុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូលទៅក្នុងការអភិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយ ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។
មានប្រសាសន៍ក្នុងពិធីនោះ លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានកត់សម្គាល់ផងដែរថា សភាពាណិជ្ជកម្មនេះ មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំ ក្នុងការផ្សារភ្ជាប់ភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
មានចំណាប់អារម្មណ៍នៅក្នុងពិធីនោះ លោក ចាវ ហាយចៀន អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក៏បានលើកឡើង នៅពេលដែលសមាគមចិន-កម្ពុជា នៃអនាគតរួមគ្នា ភាពជឿនលឿន រឹងមាំ និងធានាបានស្ថិរភាព ភាពប្រាកដនិយមបន្ថែមទៀត ទៅក្នុងពិភពលោក ដែលកំពុងចលាចល ហើយនឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាស ខេត្តហ៊ូណានផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប ឈ្នះ ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។
សម្តេចបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ល។ ក្នុងរយៈពេលជាង២០ឆ្នាំចុង ក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧% ដោយ ឡែកនៅក្នុងឆ្នាំ២០២៤នេះ ក្នុងរង្វង់ប្រមាណ ៦.៦% ដែលនាំឲ្យចំណូល របស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពកាន់តែមាន ភាពកាន់តែប្រសើរ។ ដោយឡែករាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅជា តំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោល នយោបាយ ជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះ គោល នយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈ ឱ្យ គ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើង ទាំងអស់គ្នា។
សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវអបអរសាទរ ចំពោះ លោក លី ស៊ីនហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្ម បំពេញបេសកកម្មរបស់ខ្លួនឲ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ ត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា សមាគមនេះ ពិតជារួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ៕
ដោយ ៖ សិលា