កប៉ាល់ហ្វឹកហ្វឺនកងទ័ពជើងទឹកម៉ិចស៊ិក ARM Cuauhtemoc បានបុកជាមួយស្ពាន Brooklyn ដោយបានបាក់បង្គោលរបស់វា ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួស ១៩នាក់។
នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក និងកងទ័ពជើងទឹកម៉ិចស៊ិកបាននិយាយថា កប៉ាល់ហ្វឹកហាត់ ARM Cuauhtemoc បានបុកជាមួយស្ពាន Brooklyn ក្នុងទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃទី ១៧ ឧសភា (ត្រូវនឹងព្រឹកថ្ងៃទី១៨ ម៉ោងនៅទីក្រុងភ្នំពេញ)។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលនាវាកងទ័ពជើងទឹកម៉ិចស៊ីកូកំពុងធ្វើសមយុទ្ធនៅពេលវាចាកចេញពីកំពង់ផែញូវយ៉ក។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពី ARM Cuauhtemoc ដែលដាក់ក្នុងពន្លឺភ្លឺៗ រំកិលឆ្លងកាត់ទន្លេ មុនពេលដែលបង្កោលរបស់វាបានបុកផ្នែកខាងក្រោមនៃស្ពាន Brooklyn ហើយបានដួលរលំ។ នៅពេលនោះហាក់ដូចជាមាននាវិកជាច្រើននាក់នៅលើបង្គោល។
នៅពេលកើតហេតុ មានមនុស្សប្រមាណ២៧៧នាក់ជិះលើកបា៉ល់ARM Cuauhtemoc ។ កម្លាំងសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់កន្លែងកើតហេតុ ។
កងទ័ពជើងទឹកម៉ិចស៊ិកបាននិយាយថា យ៉ាងហោចណាស់មនុស្ស 22 នាក់បានរងរបួសក្នុងនោះ 3 នាក់ត្រូវបានរបួសធ្ងន់។ អភិបាលក្រុងញូវយ៉ក លោក Eric Adams ក្រោយមកបាននិយាយថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និង 19 នាក់បានរងរបួស ក្នុងនោះ 2 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កាសែត Latin Times បាននិយាយថា នាវិកអាចគណនាខុស ដោយសារកម្ពស់របស់ស្ពានមានកម្ពស់ 52 ម៉ែត្រ ហើយចម្ងាយរវាងស្ពាន និងទឹកនៅពេលមានជំនោរខ្ពស់គឺជិត 39 ម៉ែត្រ។
ស្ពាននេះហាក់ដូចជាមិនមានការខូចខាតអ្វីច្រើនទេ ហើយត្រូវបានបើកឡើងវិញបន្ទាប់ពីបិទអស់ជាច្រើនម៉ោង។ ផ្នែកខ្លះនៃកំពង់ផែមាត់ទន្លេក៏ត្រូវបានខូចខាតផងដែរ បន្ទាប់ពីនាវា ARM Cuauhtemoc បានបុក ៕ ដោយធីរីណា
រូបថត: AP