ប៉ូលិសថៃ ៖ ការវាយប្រហារគ្រាប់បែកកន្លងមកជាស្នាដៃក្រុមអ៊ិស្លាមនៅភាគខាងត្បូង

ចែករំលែក៖

ក្រោយមានការស្រាវជ្រាវទៅលើការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅក្នុងប្រទេសថៃ នាពេលកន្លងមកបង្ហាញឲ្យឃើញថា ក្រុមអ៊ិស្លាមជ្រុលនិយមនៅភាគខាងត្បូងជាអ្នកបង្កឡើង។ ការចោទប្រកាន់របស់ប៉ូលិសថៃ ដែលមិនទាន់មានភស្តុតាងច្បាស់លាស់នោះអាចបង្កឲ្យមានអំពើហិង្សាជាថ្មីកើតឡើងនៅក្នុងប្រទេសនេះ។

តាមការសន្និដ្ឋានរបស់ប៉ូលិស ក្រុមឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីភាគខាងត្បូងប្រទេសថា ជាអ្នកបង្កភេរវកម្មបំផ្ទុះគ្រាប់បែកនៅតាមតំបន់ឆ្នេរសមុទ្រទេសចរណ៍កាលពីថ្ងៃទី១១-១២ ខែសីហា កន្លងទៅ ។ តាមការបញ្ជាក់ពីប៉ូលិស មានក្រុមមនុស្សប្រមាណជាង ២០នាក់ជាអ្នកបញ្ជារៀបចំធ្វើភេរវកម្មនៅហួហ៊ីន កាលពីសប្តាហ៍មុនដោយមានខ្លះបានធ្វើដំណើរមកពីតំបន់ជាប់ព្រំដែនភាគខាងត្បូងបំផុតនៃប្រទេសផងដែរ។

ក្រុមជ្រុលនិយមភាគខាងត្បូងនេះទំនងជាត្រូវបានជួល ឬមានអ្នកបញ្ជាមកពីក្រៅតំបន់ និងជាពិសេសទៅទៀតនៅក្នុងក្រុមនេះគ្មានទាហ៊ានចាស់ៗរបស់ពួកឧទ្ទាមចង់ផ្តាច់ទឹកដី ចូលលាយឡំឡើយ។ នេះបើតាមប្រភពប៉ូលិសដដែល។ គឺជាក្រុមថ្មី មានមុខមាត់ថ្មី ដែលផ្តល់ការលំបាកខ្លាំងដល់ការងារស៊ើបអង្កេតរបស់ប៉ូលិស។

ក្រុមប៉ូលិសស៊ើបអង្កេតទើបបានចុះទៅឆែកឆេរក្នុងសាលារៀនអ៊ិស្លាមមួយនៅតំបន់ភាគខាងត្បូង ដែលមានជនជាប់សង្ស័យខ្លះរៀននៅទីនោះ។ ហើយដើម្បីចៀសវាងកុំឲ្យមានការបកស្រាយខុស មេប៉ូលិសថៃបានបង្កើនការប្រុងប្រយ័ត្នពាក្យសំដីយ៉ាងខ្លាំង មិនប្រើពាក្យថា អ៊ិស្លាម ទេ តែបានបង្ហើបថា ជនជាប់សង្ស័យទាំងនោះមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ពលរដ្ឋថៃភាគច្រើនឡើយ។

នេះគឺជាលើកទីមួយដែលប៉ូលិសថៃ បានលើកឡើងដោយច្បាស់ៗនិងចំៗ ចង្អុលមុខពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមនៅភាគខាងត្បូងប្រទេសថា អាចជាអ្នកនៅពីក្រោយភេរវកម្ម ផ្ទុយស្រលះពីការចោទប្រកាន់របស់រដ្ឋាភិបាលសឹកថៃ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print