អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង មានរហស្សនាមថា ក្រុមអេលាន​ និងក្រុម​យើងស្រលាញ់គ្នា (​YSK)

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទី មានក្រុមក្មេងទំនើងចំនួន ០២ ក្រុម ដោយក្រុមក្មេងទំនើងទី១ មានរហស្សនាមថា ក្រុមអេលាន មានគ្នាចំនួន ៣០ នាក់ ជិះម៉ូតូចំនួន ១៥ គ្រឿង ប្រដាប់ ដោយកាំបិតប៉័ងតោចំនួន ០៤ ដើម កាំបិតផ្គាក់ចំនួន ០២ ដើម និងដាវកែច្នៃចំនួន ០៤ ដើម ចំណែកក្រុមក្មេងទំនើងទី២ មានរហស្សនាមថា ក្រុមយើងស្រលាញ់គ្នា (YSK) មានគ្នាប្រហែល ៤០ នាក់ ជិះម៉ូតូប្រហែល ៤០ គ្រឿង បាននាំគ្នា ធ្វើសកម្មភាពវាយគ្នាទៅវិញទៅមក ស្ថិតនៅចំណុចមុនផ្ទះគ្មានលេខ ផ្លូវលេខ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មក ក្រុមយើងស្រលាញ់គ្នា (YSK) ក៏បានរត់គេចខ្លួន និងបានបន្សល់ទុក ម៉ូតូចំនួន ០១ គ្រឿង នៅចំណុចកើតហេតុ ទើបពេលនោះបក្ខពួកនៃក្រុមអេលានបាននាំគ្នាកាប់ម៉ូតូនោះបណ្តាល ឱ្យរងការខូចខាត រួចក្រុមក្មេងទំនើងទាំង ០២ ក្រុមនោះក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយមកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ០២ ក្រុមខាងលើ ចំនួន ១០ នាក់ ១.ឈ្មោះ ទី គីនីន ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ កុសល វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ អឿន សុភានី ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ សេម មករា ហៅ ប្រជ្រុយ ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ ថៃ សីហា ភេទប្រុស អាយុ១៦ឆ្នាំ ៦.ឈ្មោះ ហ៊ុន ថូបូរ៉ាយុទ្ឋ ភេទប្រុស កើតឆ្នាំ២០០៧ ៧.ឈ្មោះ ចាន់ ថារិទ្ធី ភេទប្រុស អាយុ ១៦ឆ្នាំ ៨.ឈ្មោះ គង់ ឧត្តម ភេទប្រុស កើតឆ្នាំ២០០៩ ៩.ឈ្មោះ ហ៊ង ម៉េងសាន ភេទប្រុស កើតឆ្នាំ២០០៩ និង ១០.ឈ្មោះ ជឹម សំណាង ភេទប្រុស កើតឆ្នាំ២០០៩។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថ កិច្ចកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ១០ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុនផ្ទះគ្មានលេខ ផ្លូវលេខ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print