រឿង ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦ (តចប់)

ចែករំលែក៖

សមមិត្តម៉េង ÷ ត្រូវហើយខ្ញុំគឺមេថៅកែត្បូងម៉េង ពីមុនៗនរណាក៏ស្ញើបនឹងខ្ញុំដែរ..យីដូចជាធំុក្លិនកូនខ្ចីអ្នកណា? ឬមួយក៏សមមិត្តខែមឯង? អូ…កូនប្រុសនេះស្អាតថ្លោសគ្រាន់បើណាស់តើ។ និយាយរួចសមមិត្តម៉េងឈរមើលមុខទារកនោះ។
ពូម៉ឺន÷ ចុះសមមិត្តឯង ហេតុអ្វីបានជាសមមិត្តឯងដឹងថាពួកយើងនៅទីនេះ?
សមមិត្តម៉េងសើចព្រោះនិយាយថា
សមមិត្តម៉េង÷ ខ្ញុំស៊ើបទម្រាំនឹងដឹង គឺអស់រយៈពេលមួយអាទិត្យទើបបានដឹង។ ខ្ញុំមកនេះមិនមែនមានបំណងអាក្រក់នោះទេ ធម្មតា មិត្តរួមអាជីពពីមុនមក ចេះតែចង់សួរសុខទុក្ខគ្នាទៅ ម្យ៉ាងទៀតរឿងទាស់គ្នាពីមុនៗយើងបំភ្លេចវាចោលទៅ ព្រោះវាកន្លងហួសយូរខែឆ្នាំហើយ។ ប្រហែលសមមិត្តទាំងពីរមានការងារឆ្ងល់ហើយមើលទៅដែលបានឃើញខ្ញុំស្លៀកពាក់ឈុតខ្មៅមានស្ពាយកាំភ្លើងដូច្នេះនោះ។ ខ្ញុំសុំប្រាប់សមមិត្តឲ្យដឹងទៅចុះ អង្គការបានចាត់តាំងឲ្យខ្ញុំមើលការខុសត្រូវនៅតំបន់នេះ ហើយខ្ញុំក៏មានការទំនាក់ទំនងសម្ងាត់ជាមួយអង្គការជាយូរឆ្នាំហើយដែរ តាំងពីមុនខ្ញុំធ្វើជាថៅកែត្បូងនៃប៉ៃលិននេះម៉្លេះ។
ពូម៉ឺន÷ ចឹងបានន័យថាសមមិត្តម៉េងធ្វើជាគេញសម្ងាត់នេះយូរហើយមែនទេ?
សមមិត្តម៉េង÷ ត្រឹមត្រូវហើយ។ ដូចដែលខ្ញុំបានប្រាប់ខាងដើមអ៊ីចឹង គឺខ្ញុំធ្វើយូរឆ្នាំហើយ ពីព្រោះអង្គការមានផែនការច្បាស់លាស់ដើម្បីលុបបំបាត់ចោលនូវវណ្ណៈមូលធននិយមអំពើជិះជាន់ទៅលើអ្នកទន់ខ្សោយគ្មានអ្នកមាន គ្មានអ្នកក្រ ព្រមទាំងគ្មានអ្នកណាបម្រើអ្នកណាឡើយ។
ពេលនោះ ស្រាប់តែទារករើបម្រះខ្លួនស្រែកយំឮសូរង៉ាៗ ព្រោះឮសំឡេងមនុស្សចម្លែកនិយាយ។ មីងខែមបែរមកលើកត្រកងកូនថ្នមៗ រួចបំបៅដោះកូននៅជ្រុងម្ខាងក្នុងកូនខ្ទម។
សមមិត្តម៉េង÷ ខ្ញុំមកនេះគ្រាន់តែចង់មកប្រាប់សមមិត្តទាំងពីរនាក់ឲ្យមានការប្រុងប្រយ័ត្នបន្តិច ពីព្រោះអង្គការនឹងមានផែនការថ្មីមួយទៀតដើម្បីស្រាវជ្រាវរកអតីតបញ្ញវន្ត មន្ត្រីរាជការ ទាហាន សិល្បករ កវីនិពន្ធនិងអ្នកមានចំណេះដឹងទាំងឡាយបោសសម្អាតចោល។ ខ្ញុំត្រឡប់ទៅវិញហើយ ប្រសិនបើមានការអី សមមិត្តឯងអាចប្រាប់ខ្ញុំបាននៅពេលជួបខ្ញុំលើកក្រោយ។ខ្ញុំលាសិនហើយ។
សមមិត្ត ម៉េង ដើរចេញពីកូនខ្ទមបាត់ទៅចំណែកឯពូម៉ឺន និងមីងខែមបានត្រឹមតែដកដង្ហើមធំមើលមុខគ្នាតែប៉ុណ្ណោះ ពីព្រោះតាមសម្ដីរបស់សមមិត្តម៉េង អង្គការនឹងបន្តស្រាវជ្រាវមកដល់ពួកគាត់ទាំងពីរជាមិនខានឡើយ។
ទោះបីសមមិត្តខែមសម្រាលកូនបានត្រឹមតែបីថ្ងៃក៏ដោយ អង្គការបានបញ្ជាឲ្យគាត់មកជួយការងារនៅជិតៗផ្ទះ ដោយយកកូនទៅទុកឱ្យចាស់ៗមើលថែជំនួសនៅក្នុងរោងកុមារ។ មិនយូរប៉ុន្មាន សមមិត្តខែមត្រូវសមមិត្តនារីផ្សេងទៀតច្រណែនហើយបានរាយការណ៍ដល់ថ្នាក់លើ។ស្អែកឡើងសមមិត្តខែមត្រូវអង្គការបញ្ជាឲ្យទៅធ្វើការនៅចម្ការវិញម្ដងជាមួយមិត្តប្រុសស្រីឯទៀត។ ថ្ងៃក៏កាន់តែខ្ពស់ ចំណែកពោះវិញកាន់តែកូរដែរ រួចមានសំឡេងស្រែកខ្លាំងៗពីពួកអាវខ្មៅថា ព្រឹកនេះសមមិត្តទាំងអស់គ្នាសម្រាកសិនចុះ ពីព្រោះដល់ម៉ោងបាយថ្ងៃត្រង់ហើយ។ លុះបាយថ្ងៃត្រង់រួច ចាំយើងចាប់បន្តការងារទៀត។
ប្រជាជននាំគ្នាសម្រុកដើរតម្រង់មកកាន់រោងបាយដោយក្តីស្រេកឃ្លានជាពន់ពេក។
២ឆ្នាំកន្លងទៅយ៉ាងតឹងតែងជាទីបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ស្ថានភាពនយោបាយនៅតែអូសបន្លាយ ហើយកាន់តែពិបាកទៅៗ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ប្រជាជនទាំងឡាយធ្វើការយ៉ាងសស្រាក់ស្រាំទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឲ្យទទួលបានផលទ្វេដង។
ដំណក់ទឹកភ្លៀងកំពុងតែស្រោចស្រពលើដំបូលកូនខ្ទមរបស់ប្រជាជនគ្រប់ៗគ្នា។ សមាជិកគ្រួសារទាំងអស់គ្នាស្ទើរតែគ្មានអ្វីយកមកដណ្ដប់បិទបាំងកាយឲ្យបានសមរម្យនោះទេ។ ឆ្នាំនោះគឺជាឆ្នាំដែលសម្បូរទៅដោយទឹកភ្លៀងខ្លាំង។ប្រជាជនទាំងអស់ដែលរស់នៅតាមមូលដ្ឋាន ភ្នំដូនមាឃ ច្រាំងចោត កំពង់គល់រូង និងអំពុះឃ្លាំងត្រូវបានអង្គការឲ្យមកធ្វើការកសិកម្មរួមគ្នានៅតំបន់ច្រាំងចោត និងនៅតាមតំបន់រូង។ ការធ្វើការនៅតំបន់ទាំងពីរនេះ ជួបការលំបាកខ្លាំងណាស់ ព្រោះយើងគ្មានគ្រឿងយន្ត ឬក៏គោក្របីទឹមភ្ជួររាស់នោះឡើយ។ យើងត្រូវពឹងទៅលើកម្លាំងមនុស្សសសុទ្ធសាធដើម្បីធ្វើស្រែឲ្យបានសម្រេចតាមផែនការរបស់អង្គការ។
ថ្ងៃណាក៏ដូចថ្ងៃណាដែរ ផ្ទៃមេឃពោរពេញទៅដោយដុំពពកពណ៌ខ្មៅស្ទើរតែមើលមិនឃើញព្រះអាទិត្យ ហើយព្យុះពពកខ្មៅហោះយ៉ាងលឿនមកដល់មូលដ្ឋានច្រាំងចោតដែលជាកន្លែងប្រជាជនជាច្រើនកំពុងតែមមាញឹកនឹងការងារកាប់គាស់ដីសម្រាប់ធ្វើស្រែវស្សា។ ម្នាក់ៗមិនហ៊ានឈប់សម្រាកឡើយ ដោយនៅទ្រាំទទឹកភ្លៀងជោកជាំរហូតដល់ម៉ោងសម្រាក។
ចូលដល់ឆ្នាំ 1
១៩៧៩ កងចក្រនយោបាយវិលយ៉ាងត្របាញ់នឹកស្មានមិនដល់។សំឡេងអាវុធតូចធំលាន់ឮគ្រប់ទិសទីទាំងអស់។ កងទ័ពខ្មែរក្រហមមានការប្រជុំសម្ងាត់ពីផែនការទប់ស្កាត់នូវការវាយលុករបស់កងទ័ពវៀតណាមដែលកំពុងចូលមកដល់ប្រទេសកម្ពុជា។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃបណ្ដាលឲ្យប្រជាជនរត់កាត់វាល កាត់ព្រៃ ផ្សងជីវិតមករស់នៅតាមព្រំដែនប្រទេសថៃ។ ទីបំផុតកងទ័ពវៀតណាមទទួលបានជោគជ័យ និងរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមបាន។ ពេលនោះប្រជាជនភាគច្រើនបានរត់មករស់នៅក្នុងជំរំជនភៀសខ្លួនរួមមាន ជំរំចាស់ ជំរំខាវអ៊ីដាង ជំរំបន្ទាយអំពិល រហូតដល់ជំរំចុងក្រោយគេ គឺជំរំសាយធូ ៕ (ចប់ដោយបរិបូរណ៍)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print