កូវីដ-១៩កំរើកឡើងវិញ! មន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏រៀបចំគ្រែ និងបរិក្ខាពេទ្យ ត្រៀម ទទួលអ្នកជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ ការរៀបចំទីតាំង ក៏ដូចជាសម្ភារៈ បរិក្ខារពេទ្យ បម្រុងទុកនេះ គឺបន្ទាប់ពីជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី ហាក់កំរើកការឆ្លងរាលដាលឡើងវិញ នៅក្នុងរយៈពេលចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហោះរូបភាពមួយចំនួន អមដោយការពិពណនា អំពីការត្រៀមខ្លួនរបស់មន្ទីរពេទ្យឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែឧសភានេះ។

ជុំវិញវិធានការការពារការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាល បានជំរុញឱ្យ ឱ្យពលរដ្ឋដែលអាយុចាប់ពី១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងកូវីដ-១៩  នៅតាមមូលដ្ឋានសុខភាពសាធារណៈ។ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី ក្នុងសហគមន៍ចំនួន៦ករណី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ 

សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ , និងអ្នកជំងឺស្លាប់ គ្មាន ៖ 

– ករណីឆ្លង សហ គម ន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង) 

– អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ

– អ្នកឆ្លងសរុបស្មើ ១៣៩,៣៥៣ នាក់

– អ្នកជាសះស្បើយស្មើ ១៣៦,២៨៦ នាក់

– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print