ភ្នំពេញ៖ បុរសម្នាក់ងោកមួយភាំងបើករថយន្តទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ចំណែករថយន្ដខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុបប្រាសាទពេជ្រ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2BH-4656 ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគាត់ងោកមួយភាំងធ្វើឱ្យរេចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតអស់១កង់និងខូចខាតរថយន្ត១កំណាត់មុខព្រមទាំងដាច់កាឡេកង់ខាងស្តាំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងនាំម្ចាស់រថយន្តព្រមទាំងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ