អភិបាល​ខេត្ត​ស្ទឹងត្រែង​៖​ រូបិយវត្ថុជាតិ ដើរតួនាទីសំខាន់ក្នុងការសម្រួលសកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យរស់រវើក

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ថ្លែង​ក្នុង​ពិធី​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ខួប​ ៤៥​ឆ្នាំ​ ទិវា​ប្រាក់រៀល​ កាលពីថ្ងៃ​ទី​១៩ ខែ​ឧសភា​ម្សិលមិញនេះ​ លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹង​ត្រែង បាន​គូសបញ្ជាក់​ថា រូបិយវត្ថុ​ជាតិ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ដល់​សកម្ម​ភាព​វិនិយោគ ផលិត​កម្ម និង​ពាណិជ្ជកម្ម​ឱ្យ​មាន​ភាព​រស់​រវើក​នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ជាពិសេសចូលរួមលើកកម្ពស់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល។

លោក សរ សុពុត្រា បានឱ្យដឹងថា​ តាម​រយៈ​ការ​អនុវត្ត​តាម​អាទិភាព​គន្លឹះ​ទាំង ៥ នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ បាន​ធ្វើ​ឱ្យ​ខេត្ត​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់។ ជា​លទ្ធផល​នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ដែលត្រូវបាន​ដាក់ចេញ​នា​ពេល​កន្លងមក ការ​អភិវឌ្ឍ​ខេត្ត​ស្ទឹងត្រែង មាន​វឌ្ឍនភាព​ជា​លំដាប់ ដែល​ក្នុង​នោះ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​​ក៏​​មាន​ការរីក​ចម្រើន​គួរឱ្យកត់​សម្គាល់​ផង​ដែរ​។

​លោកអភិបាល​ខេត្ត​រូបនេះ​ បានគូសបញ្ជាក់ទៀត​ថា បច្ចុប្បន្ន មាន​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលកំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​សរុប​ចំនួន ១៦ គ្រឹះស្ថាន ដែល​បានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈ​ការផ្តល់​សេវាហិរញ្ញវត្ថុ​នានា​ដល់​ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស។

លោក​ សរ សុពុត្រា​ បានសង្កត់ធ្ងន់ថា​៖​ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ​ជារួម​អាច​ប្រព្រឹត្តទៅបាន​ប្រកប​ដោយវឌ្ឍនភាពនិងចីរភាព ទាមទារ​ឱ្យ​មាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​សម្រួល​ដល់​សកម្មភាព​វិនិយោគ ផលិតកម្ម និង​ពាណិជ្ជកម្ម​ឱ្យមានភាពរស់រវើក»។

ជា​មួយ​គ្នា​នេះ​ លោក អភិបាល​ខេត្ត បាន​បន្ថែម​ថា ប្រទេសនីមួយៗជុំវិញពិភពលោកតែងតែ​មានរូបិយវត្ថុជាតិ​របស់ខ្លួន​ដែលតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះ ការប្រើប្រាស់ប្រាក់រៀល​ឱ្យបានទូលំទូលាយ​គឺ​ជាការចូលរួម​ចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតី​បង្រួបបង្រួមជាតិ​ក្នុងនាម​ជា​ប្រជាជន​នៅក្នុងសង្គមជាតិតែមួយ។

...

បេីតាមយោង​តាម​លទ្ធផល​សង្កេត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​JICA បាន​បង្ហាញ​ថា មាន​ការ​ប្រើប្រាស់​ប្រាក់​រៀល​យ៉ាង​ទូលំទូលាយ ជា​ពិសេស​នៅ​តាម​ទី​ជនបទ​ ក្នុង​នោះ​ប្រមាណ ៩៣% នៃការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ជា​ប្រាក់​រៀល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print