ខេត្តពោធិ៍សាត់ ៖ អនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក ដោយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែរបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ដកហូតវត្ថុតាងរួមមាន ៖ ខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៦ខ្សែ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន ០៤ខ្សែ បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៨បណ្តោង ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ០៤វង់ ក្រវិលលោហៈធាតុពណ៌លឿងចំនួន ០៤គូរ ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន ៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន) លុយដុល្លាចំនួន ១៨០០ដុល្លា លុយខ្មែរចំនួន ១,៤៦២,៦០០រៀល ទូរសព្ទដៃចំនួន ០២គ្រឿង កាបូបដៃចំនួន ០១ មានកាតធនាគារ ABAចំនួន ០១សន្លឹក ប័ណ្ណបើកបរចំនួន ០២សន្លឹក កាតគ្រីម៉ូតូចំនួន ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក កាតវ៉ាក់សាំងកូវីតចំនួន ០១សន្លឹក និងម៉ូតូ ១គ្រឿង ធុនឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ ១I:៤១២៥ (ដំឡើងតែមសេរីឆ្នាំ ២០២២)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធី៕
ដោយ ៖ សិលា