ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្រោយពីការបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានទំហំជាង ៣១៨ ម៉ែត្រការ៉េ គិតមកដល់ពេលនេះមានរយៈពេលសាងសង់ចំនួន២០ថ្ងៃ។ ហើយលទ្ធផលនៃការសាង សង់មកដល់ថ្ងៃនេះ បានប្រមាណ ៣៥% ហើយគ្រោងនឹងត្រូវបញ្ចប់នៃការសាងសង់ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។
ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ថ្លែង អំណរ គុណដល់ក្រុមជាងសំណង់ រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានចុះមកពិនិត្យការ សាងសង់នេះ ដើម្បីឲ្យសមស្របតាមប្លង់និងលក្ខណៈបច្ចេកទេស ដែលបានគ្រោងទុក នឹងបានណែនាំក្រុមជាងសំណង់ ធ្វើការកែសម្រួលអំពីគំរូប្លង់មួយចំនួន ដែលមិនទាន់សមស្រប ដើម្បីធានាឲ្យការបំពេញ ភារកិច្ច បម្រើអតីតយុទ្ធជនស្របតាមការអភិវឌ្ឍន៍រីកចម្រើនថ្មីនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ គន គីម បានសូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ឧត្តមប្រឹក្សាព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ការគាំទ្រឲ្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីបម្រើនិរន្តរភាពជូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ជាមួយនេះដែរនាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រុងប្រៀបរៀបចំធ្វើរបងបែកខាងមុខ និងរៀបចំការដាំដើមឈើ ដើម្បីជាម្លប់ និងធ្វើឲ្យសោភ័ណភាពអាគារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ ឲ្យកាន់តែល្អប្រសើរឡើង៕