ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយ ដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយយកអាចម៍ ដីដែលខ្លួនចាក់ចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម ជាប់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយកាយដីបានមួយរយៈ។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានឱ្យដឹងថា តាំងពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥មក គេមិនបានឃើញក្រុម ហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំងបន្តកាយយកអាចម៍ដីដែលខ្លួនបានចាក់ចូលទន្លេសាប ប្រវែង៧០ម៉ែត្រ កាលពីអំឡុងខែមីនា និងមេសា ឆ្នាំ២០២៥ ចេញនោះឡើយ មិនដឹងមានមូលហេតុអ្វីអោយប្រាកដ។ ប្រជាពលរដ្ឋបានរអ៊ូរទាំថា ពេលក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាបនោះ មិនមានការរអាក់រអួលដូចពេលកាយដីចេញវិញនោះទេ គឺធ្វើទៅដោយរលូន និងលឿនទៀតផង តែដល់ពេលក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប រួមនឹងអាំជ្ញាធរខេត្កកំពង់ឆ្នាំងអោយកាយអាចម៍ដីចេញវិញ មានការរអាក់រអួលជាច្រើនលើកច្រើនសារ ហាក់បីដូចមិនចង់កាយដីចេញអ៊ីចឹង។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានសំណូមពរដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ហែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង ពន្លឿនការកាយដីចេញវិញអោយដូចសភាពដើមផង ព្រោះទឹកទន្លេសាប នឹងចាប់ផ្តើមឡើងក្នុងខែមិថុនាខាង មុខនេះហើយ ម្យ៉ាងទៀតកុំឲ្យជាគំរូអាក្រក់ដល់ជនដទៃ ទៀតអាចចាក់ដីលុបទន្លេសាបយកជាកម្មសិទ្ធិផងដែរ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម,អាជ្ញាធរ ទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់ឱ្យក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបដែលខ្លួនបានចាក់ចូលប្រវែង ៧០ម៉ែត្រចេញវិញឱ្យអស់ដូចសភាពដើម តាំងពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥មកម្លេះ តែដំណើរការកាយចេញ មិនបានដូចការគ្រោងទុកនោះឡើយ។ ជាបន្តបន្ទាប់ ទាំងក្រសួង ធនធានទឹក,អាជ្ញាធរទន្លេសាបនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានជំរុញក្រុមហ៊ុនជាច្រើន លើកច្រើនសារ ដើម្បីឱ្យអស់អាចម៍ដីដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ចូលទន្លេសាប៕