នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើងចំនួន២ក្រុម គឺក្រុមKTS និងក្រុមCL

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ជាបន្តបន្ទាប់ដោយចែកចេញជាពីរក្រុមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ។

នគរបាលបញ្ជាក់ថា ដោយយោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតធ្វើការដឹកនាំកម្លាំងស្រាវជ្រាវករណីក្មេងទំនើង១ក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន០៥ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ ដំបងនិងដុំថ្ម បានធ្វើសកម្មភាពចុះទៅកាប់និងគប់ម៉ូតូរបស់បុគ្គលិកក្នុងហាងបណ្ដាលឲ្យរងការខូចខាតម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខបាត់ដំបង 1AT-7457 ដោយបានធ្វើសកម្មភាពនៅចំណុចហាងកាហ្វេយីហោ ធីតាលក់ម្ហូបកុម្មង់ ស្ថិតក្នុងមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត  ប៉ុន្តែពុំបានបណ្ដាលឱ្យមានអ្នករងរបួសទេ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងទាំងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រុមក្មេងទំនើងដដែលនេះបានបង្កការអុកឡុកជាលើកទី២ នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ដោយពួកគេបានជិះម៉ូតូមកធ្វើសកម្មភាពដេញកាប់ទៅលើបុគ្គលិកហាងកាហ្វេខាងលើម្ដងទៀតបណ្ដាលឲ្យរងរបួសស្រាលម្នាក់ជាភ្ញៀវដែលចូលទៅទិញកាហ្វេ ។ បន្ទាប់ពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។

បន្ទាប់ពីបានទទួលបញ្ជាភ្លាម លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ និងដកហូតបានកាំបិតផ្គាក់ចំនួន២ដើមយកមកអធិការដ្ឋានដើម្បីសួរនាំ។ ត្រឹមរយៈពេល១៦ម៉ោងប៉ុណ្ណោះកម្លាំងជំនាញចាប់បានក្មេងទំនេីងចំនួន៤នាក់។

ក្មេងទំនើងចំនួន៤នាក់នោះមានឈ្មោះដូចខាងក្រោម៖

ទី១.ក្មេងទំនើងឈ្មោះវ៉ា សុខជាត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ទី២.ក្មេងទំនើងឈ្មោះនៅ សុភា  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ទី៣.ក្មេងទំនើងឈ្មោះវ៉េត សុខចិន ហៅចិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ទី៤.ក្មេងទំនើងឈ្មោះនី រ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បន្ទាប់ពីបានសួរនាំរួច ក្មេងទំនើងទាំងបួននាក់បានឆ្លើយបំភ្លឺអោយសមត្ថកិច្ចដឹងថា ក្រុមពួកខ្លួនមានចំនួន២ក្រុម គឺក្រុមKTS ហៅថា ក្មេងតាមសួន និងក្រុមCL ហៅថា កាហ្វេខែតឡែន បានធ្វើសកម្មភាពកាប់និងគប់ទៅលើក្រុមប្រឆាំងចំនួនពីរក្រុមគឺក្រុម KK5(ក្មេងក៥) និងក្រុមBP(បាញ់ភ្លើង) ប៉ុន្តែកាប់មិនត្រូវមនុស្សឡើយ គឺបានកាប់តែម៉ូតូបណ្តាលឱ្យបែកបាក់តាប្លូ និងហ្គាតាប៊ូ។

សូមបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់ខាងលើ ជាក្មេងទំនើងបង្កអសន្តិសុខសង្គម និងជាមុខសញ្ញាកាប់ គប់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ដែលកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ដោយកម្លាំងជំនាញបានកំណត់បានអត្តសញ្ញាណក្មេងទំនើងដែលកំពុងរត់គេចខ្លួននោះអស់ហើយ៕ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print