កំពង់ស្ពឺ ៖បុរសម្នាក់បើករថយន្តលឿនជ្រុលបុករះម៉ូតូ៣គ្រឿងបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ម្នាក់ របួស៤នាក់ ហើយសមត្ថកិច្ចឆែកក្នុងរថយន្តឃើញគ្រឿងញៀន១គីឡូក្រាម ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវកៅស៊ូ ចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកដោយជនសង្ស័យល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុករះម៉ូតូចំនួន៣គ្រឿងច្រាសទិស បណ្តាលឱ្យរបួស៥នាក់ ហើយភ្លាមៗត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសលស្លាប់ម្នាក់ ។
ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ នគរបាលមូលដ្ឋាន និងកម្លាំងអាវុធហត្ថ ពិនិត្យក្នុងរថយន្ត ស្រាប់តែឃើញមានថ្នាំញៀន១កញ្ចប់ធំ ស្មើនឹង១គីឡូក្រាម ទើបអាវុធហត្ថឃាត់ខ្លួនជនសង្ស័យនាំយកទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕ជ្រោយពេជ្រ