ភ្នំពេញ ៖ ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ខ្លួនកំពុងរៀបចំបែបបទ និងនីតិវិធីសម្រាប់ការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ហើយ ក្រសួងនឹងប្រកាសទទួលសំណើ ពីក្រុមហ៊ុន ដែលបំណងចង់នាំចេញ នាពេលឆាប់ៗនេះ។ ការលើកឡើង បានធ្វើឡើង នៅមួយសប្តាហ៍ បន្ទាប់ពីអគ្គនាយកដ្ឋានគយចិន បានសម្រេចឲ្យកម្ពុជានាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន ជាផ្លូវការ ប៉ុន្តែ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌអនាម័យ មួយចំនួន។
អគ្គនាយកដ្ឋានគយចិនបានតម្រូវថា សំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និង សំបុកត្រចៀកកាំ សម្រាប់បរិភោគទាំងអស់ ដែលនាំចេញទៅចិន ត្រូវតែផលិតនៅក្នុងសហគ្រាស ដែលបានចុះឈ្មោះទទួលស្គាល់ដោយភាគីទាំងពីរ គោរពតាមស្តង់ដាអនាម័យ និងសុវត្ថិភាពអាហារ ហើយត្រូវឆ្លងកាត់ដំណើរការកម្តៅដោយ សីតុណ្ហភាពមិនតិចជាង ៧០អង្សាសេ និងបន្ថែមកំដៅយ៉ាងហោចណាស់ ៣.៦វិនាទី ដើម្បីសម្លាប់វីរុសជំងឺគ្រុនផ្តាសាយបក្សី។
ជុំវិញរឿងនេះ សមាគមសំបុកត្រចៀកកាំកម្ពុជា បានជំរុញប្រជាពលរដ្ឋ ដែលប្រកបរបបចិញ្ចឹមសត្វត្រចៀកកាំ ទាំងអស់ ឲ្យធ្វើតាមស្តង់ដាអនាម័យ សម្រាប់នាំផលិតផលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមសំបុកត្រចៀកកាំខ្មែរ លើកឡើងថា យុទ្ធសាស្រ្តរបស់សមាគម នឹងផ្តល់ការណែនាំដល់អ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដើម្បីផលិតសំបុក ឲ្យបានល្អ ចៀសវាងការប្រើប្រាស់សាធាតុគីមីលើសកម្រិតនាំឲ្យប៉ះពាល់ដល់អនុវិស័យត្រចៀកកាំ ទាំងមូល។ ប្រធានសមាគមដដែល សង្កត់ធ្ងន់ថា ទីផ្សារនាំចេញទៅចិន មានសក្តានុពលខ្ពស់ សម្រាប់ត្រចៀកកាំកម្ពុជា៕
ដោយ ៖ សិលា