ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានប្រតិបត្ដិការស្រាវជ្រាវដល់ទីតាំងខារ៉ាអូខេយីហោ នាគ មាស និងផ្ទះសំណាក់ យីហោសុខសាន្តស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស ២នាក់ ជាម្ចាស់ទីតាំង KTV និងផ្ទះសំណាក់ ខាងលើ ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ ( ម្ចាស់ទី តាំងខារ៉ាអូខេ KTV )និងឈ្មោះ តុញ ខ្លី ភេទប្រុស អាយុ ៣៧ឆ្នាំ (ជាម្ចាស់ផ្ទះសំណាក់)។ ទន្ទឹមនេះសមត្ថកិច្ចបានជួយសង្គ្រោះនារីវ័យក្មេង និងចំណាស់ បានចំនួន ៨នាក់ ក្នុងនោះ ជាអនីតិជន ៥នាក់ និងធ្វើការចាប់យក ដកហូតស្រោមអនាម័យដែលភ្ញៀវប្រេីប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម។
ផ្អែកលើភស្ដុតាង និងចម្លើយសមត្ថកិច្ចបានធ្វើការបញ្ជូនម្ចាស់ទីតាំង រួមនឹងនារីរងគ្រោះទាំង៨នាក់ ទៅ កាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត ធ្វើការរកដៃរគូរសហការបណ្ដុះបណ្ដាលជំនាញតាមលទ្ធភាពជួយដល់ក្មេងស្រីរងគ្រោះ។ រីឯម្ចាស់ទីតាំង បានកសាងសំណុំរឿងបញ្ចូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់៕