បញ្ញវន្តចាត់ទុកការប្រកាសបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងសប្តាហ៍នេះ នឹងធ្វើឲ្យប្រជាជាតិទាំងពីរស្វែងយល់ពីគ្នា កាន់តែច្បាស់

ចែករំលែក៖

ភ្នំពេញ ៖ បញ្ញវន្ត និងជាមន្ត្រីស្រាវជ្រាវ នៅរាជបណ្ឌិតសភាកម្ពុជា បានថ្លែងចាត់ទុក ការរៀបចំពិធីប្រកាសបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នាពេលប៉ុន្មានថ្ងៃ ខាងមុខនេះ នឹងធ្វើឲ្យប្រជាជាតិទាំងពីរ ស្វែងយល់ពីគ្នា កាន់តែច្បាស់។

ក្រសួងទេសចរណ៍បានឲ្យដឹងថា ពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នឹងរៀបចំឡើង នៅចុងសប្តាហ៍នេះ។ តាមរយៈសេចក្តីជូនដំណឹង អំពីការត្រៀមរៀបចំពិធី ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា មេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ជុំវិញ កម្មវិធីនេះ លោកបណ្ឌិត ជិន សុជាតិ ប្រធានស្តីទីនាយកដ្ឋានវប្បធម៌ចិន នៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់នៅថ្ងៃទី២១ ខែឧសភានេះ ថា «…ការបង្ហាញ ពីព្រឹត្តិការណ៍នេះ ធ្វើឲ្យប្រជាជនចិន និងកម្ពុជា បានស្គាល់កម្ពុជា កាន់តែច្រើនជាងមុន កាលណា ប្រជាជនទាំងពីរ ស្គាល់គ្នាច្រើនជាងមុន ការយល់ចិត្តគ្នាក៏ល្អជាងមុន ចំណងមិត្តភាព ក៏កាន់តែប្រសើជាងមុន ការយោគយល់គ្នា និងភាពធន់នៃទំនាក់ទំនងគ្នា ក៏កាន់តែចាស់ទុំជាងមុន ច្រើនឡើងៗ…»។

បើតាម ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជា កាលពីថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព កំណត់យក ឆ្នាំ២០២៥ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ព្រឹត្តិការណ៍នេះ ក៏មានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា នៅសាលសន្និសីទចតុមុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើជើងមាត់ ទន្លេចតុមុខ។

ក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ចំនួន ២៨.៦១ម៉ឺននាក់ កើនឡើង៥០.៦% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២៤ នេះបើតាមឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហោះនាពេលថ្មីៗនេះ ដោយឯកឧត្តម បញ្ជាក់បន្ថែមថា «ឆ្នាំទេសចរណ៍ចិន-កម្ពុជា» បានចាប់ផ្តើមដំណើរការយ៉ាងល្អ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print