ភ្នំពេញ៖ ក្នុងពិធី សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត និងគរុ និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមុិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ សមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណ ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ។ បន្ថែមពីនេះ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅ កម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់ លាស់ក្នុងការ ជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។
ភ្ជាប់នឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូខាងលើ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាម រយៈការបង្កើតយុទ្ធនាការ និង ទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើ ជាបន្តបន្ទាប់ នាពេលកន្លងមក ដែលការណ៍នេះ នឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិន លើការត្រិះរិះ និង ថ្លឹង ថ្លែង ដោយ ចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការចងក្រងស្នាដៃ និង និក្ខេប បទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយ បានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយ អភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមបរិការថ្មីៗផងដែរ ។
បន្ថែមពីនេះ, សម្តេចនាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថា កូនខ្មែរ នឹងខិត ខំ រៀបចំការសិក្សាស្រាវជ្រាវ និង ចងក្រងស្នាដៃ និង របកគំហេីញនានា ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរឱ្យបានច្រេីន ដើម្បីតម្កល់ទុកក្នុងប្រទេស និងផ្សព្វផ្សាយ ព្រមទាំង បណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចង ក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូច ជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា និងកាន់តែល្អប្រសើរ ដេីម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ ។
សន្តិភាពពេញលេញជាង២៦ឆ្នាំមកនេះ កម្ពុជាបានរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព មិនចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសារឡើងវិញនោះទេ។ ពលរដ្ឋខ្មែររស់នៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន ប្តេជ្ញាមិនឱ្យសុបិន្តរបស់ក្រុមជ្រុលនិយម ដែលចង់បណ្តេញសន្តិភាពចេញពីកម្ពុជា អាចកើតឡើងបានឡើយ៕
ដោយ ៖ សិលា