ភ្នំពេញ៖ រថយន្តRANGE ROVER មួយគ្រឿងបានបេីករេចង្កូតជ្រុលទៅប៉ះនឹងរថយន្តកុងតឺន័រ ហើយជ្រុលទៅប៉ះម៉ូតូPCX មួយគ្រឿងទៀតរងការខូចខាត រួចរថយន្តបង្កបេីកគេចទៅបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅផ្លូវលេខ៣៧១កែងផ្លូវបេតុងបឹងតាម៉ាត ទល់មុខស្ថានីយប្រេងឥន្ធនៈPTT សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ ។
ប្រភពពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បេីករថយន្តម៉ាក RANGE ROVER ពណ៌សមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ក្នុងទិសដៅពី
កេីតទៅលិចក្នុងល្បឿនលឿនខណៈមេឃកំពុងតែភ្លៀង។ លុះមកដល់ចំណុចកេីតហេតុ អ្នកបើកបររថយន្តបានបួងចង្កូតបត់ឆ្វេងឡើងផ្លូវបឹងតាម៉ាតក៏ជ្រុលទៅបុករថយន្តសណ្តោងកន្ទុយកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-4877បេីកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកេីត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខតិចតួច ហើយរថយន្តRANGE ROVER បានរេចង្កូតជ្រុលទៅប៉ះម៉ូតូម៉ាកហុងដាPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-4005 បើកដោយបុរសម្នាក់ទៀត បណ្ដាលឲ្យដួលរងការខូចខាតម៉ូតូផ្នែកខាងមុខ និងមនុស្សរងរបួសរលាត់ដៃជើងតិចតួចផងដែរ ។
ប្រភពបន្តទៀតថា ភ្លាមៗនោះអ្នកបេីកបររថយន្តRANGE ROVER មិនបានឈប់រថយន្តដោះស្រាយនោះទេ បានបន្ថែមល្បឿនបេីកឆ្ពោះទៅផ្លូវបឹងតាម៉ាត រត់គេចបាត់ស្រមោលតែម្ដង ។
ករណីនេះផងដែរខាងរថយន្តសណ្តោងកន្ទុយកុងតឺន័រ រងការខូចខាតតិចតួច ក៏បន្តដំណើរទៅមុខជាបន្តទៀត ដោយឡែកខាងម៉ូតូ សមត្ថកិច្ចនាំឲ្យទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាផងដែរ ៕ជ្រោយពេជ្រ