អ្នក ផលិត​ក្រមា នៅឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ត្អូញត្អែ​តម្លៃ​ក្រមា​ ចុះថោក និង​មិនសូវ​មាន​អ្នកគាំទ្រ ងាកទៅ​រក​ការងារ​នៅ​តាម​រោងចក្រ​វិញ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អ្នក ផលិត​ក្រមា នៅឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ត្អូញត្អែ​តម្លៃ​ក្រមា​ ចុះថោក និង​មិនសូវ​មាន​អ្នកគាំទ្រ ធ្វើ​ឲ្យ​អ្នក​ផលិត​ក្រមា​មួយ​ចំនួន​ធំ​ត្រូវ​បោះបង់​កី​ឈប់​ត្បាញ​ទៅ​រក​ការងារ​នៅ​តាម​រោងចក្រ​វិញ​។

យោងតាមអ្នក ផលិត​ក្រមា ក្នុងស្រុក​ស្វាយ​ជ្រំ​បាន​លើក​ឡើង​ថា ក្រមា​គឺជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​បុរាណកាល រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ក្រមា​ត្រូវ​បាន​ត្បាញ​ឡើង​ដោយ​អំបោះ​ច្នៃ រំលេច​ជា​ក្រឡា​គោម ឆ្លាស់ពណ៌​លាយ​គ្នា​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ហើយពី​បុរាណ​ក្រមា​ដែល​ទំហំ​តូច គឺ​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​ឈ្នួត​ក្បាល​របស់​បុរស ក្រមា​ធុន​ធំ​គេ​ប្រើ​សម្រាប់​បង់​.​ក ។

បច្ចុប្បន្ន ក្រមា​ខ្នាត​តូច​គេ​ប្រើ​បង់ក​ទិញ​ធ្វើ​ជា​កាដូរ ជូន​ក្នុង​ពិធី​អា​ពា​ហ៌​ពិ​ពា​ហ៌​និង​ពិធីផ្សេង​ៗ រីឯ​ក្រមា​ខ្នាត​ធំ គេ​យក​ទៅ​ចែក​ជា​អំណោយ​សម្រាប់​មនុស្ស​ចាស់​ប្រើប្រាស់ និង​អ្នកខ្លះ​គេ​កាត់​ជា​សំលៀក​​បំពាក់​។

ប្រភព​បន្ត​ថា តាំងពី​បុរាណ​មក​ការ​តម្បាញ​ក្រមា​ជា​លក្ខណៈ​សិប្បកម្ម​បែប​ប្រពៃណី​គឺ​ធ្វើ​ដោយ​ដៃ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​ប្រើ​កី​តម្បាញ​ស្វ​យ័​ប្រ​វត្ត ប្រើ​ម៉ាស៊ីន ហើយ​ការងារ​ត្បាញ​ក្រមា​របស់​អ្នកស្រុក​ស្វាយ​ជ្រំ បច្ចុប្បន្ន គឺ​ផ្លាស់​ប្តូរ​ពី​ប្រើ​កម្លាំង​មនុស្ស​ច្រើន​ត្រូវ​កាត់​បន្ថយ​មក​ប្រើ​មនុស្ស​តិច​ប្រើ​ដោយ​ម៉ាស៊ីន​វិញ ដើម្បី​បំពេញតម្រូវការ​តាម​ទីផ្សារ​។

បើ​តាម​អ្នកស្រី សា​រ៉ាត់ ស្រី​ណែ​ត រស់នៅ​ភូមិ ដំណាក់​ក​ន្ទូ​ត ឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ជា​អ្នក​ប្រកប​មុខរបរ​ត្បាញ​ក្រមា​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី​ប្រកប​មុខរបរ​ត្បាញ​ក្រមា​នេះ​ពី​ឪពុក​ម្តាយ គឺ​ប្រើ​កី​តម្បាញ​បុរាណ ក្រោយមក​ក៏​ផ្លាស់​ប្តូរ​មក​ប្រើ​កី​តម្បាញ​ស្វ័យប្រវត្ត​ប្រើប្រាស់​ជា​ម៉ាស៊ីន ។
អ្នកស្រី​បន្ត​ថា ក្រោយមក​គឺ​ប្រើ​ភ្លើងអគ្គិសនី​វិញ ចាប់ផ្តើម​ដំបូង​អ្នកស្រី​ត្បាញ​កី​ម៉ាស៊ីន​ដោយ​ចុច​ភ្លើង​ដោយសារ​វា​លឿន ធ្វើ​បាន​លឿន​ទាន់​តម្រូវការ ហើយ​អ្នក​ត្បាញ​មួយ​ចំនួន​រស់នៅ​ឃុំ​ផ្សេង អ្នកខ្លះ​ក៏​នៅ​មាន​ត្បាញ​តាម​បែប​ប្រពៃណី​បុរាណ​ដែរ ហើយ​ពេល​ត្បាញ​ក្រមា​រួចរាល់​ចេញ​ជា​ផល​សម្រេច គឺ​មាន​អ្នក​មក​ប្រមូល​ទិញ គឺ​ពួក​គាត់​មក​លក់​ផ្ទាល់​នៅផ្ទះ​អ្នកស្រី ។

អ្នកស្រី សា សា​រ៉ាត់ ស្រី​ណែ​ត បានឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន នេះ អ្នកស្រី​មាន​កី​តម្បាញ​ស្វាយ​ប្រ​វត្ត​គឺ​ម៉ាស៊ីន​ត្បាញ​ចំនួន​៣០​គ្រឿង ដែល​កំពុង​ដំណើរ​ក្រៅពី​នេះ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ មាន​កី​តម្បាញ​ជាង​៤០​គ្រឿង​ផ្សេង​ទៀត ហើយ​ពេល​ត្បាញ​ក្រមា​ចេញ​ជា​លទ្ធផល​សម្រេច អ្នក​ត្បាញ​ក្រមា​ទាំងនោះ​បាន​ប្រមូលគ្នា​យក​មក​លក់​ឲ្យ​អ្នកស្រី ហើយ​អ្នកស្រី​ធ្វើ​ជា​ឈ្មួញកណ្តាល​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​។

អ្នកស្រី​ សា​រ៉ាត់ ស្រី​ណេ​ត បានអោយដឹងថា បើ​ផលិតផល​ក្រមា​មាន​ទីផ្សារ​ល្អ មាន​តម្លៃ​ថ្លៃ​គួរសម​គឺ​បាន​ផ្តល់​ការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ងារ​ធ្វើ​ចៀសវាង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ខេត្ត​ឆ្ងាយ ។

...

អ្នកស្រី​ ក៏​បាន​អំពាវនាវ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ក្រសួង​ពាក់​ព​ន្ធ័​មេត្តា​ជួយ​រក​ទីផ្សារ ធ្វើ​យ៉ាងណា​ឲ្យ​ក្រមា​ខ្មែរ​មាន​តម្លៃ ថ្លៃ​ជាង​នេះ​បន្តិច ដោយ​បច្ចុប្បន្ន​អ្នកស្រី​លក់​បោះ​ដុំ​លក់​ចេញ​ក្រមា​ខ្នាត​តូច​មួយ​លក់​បាន​ក្នុង​តម្លៃ​២,០០០​រៀល ទៅ​២,៥០០​រៀល​និង​ក្រមា​ខ្នាត​ធំ​មួយ​តម្លៃ​៣,០០០ ទៅ​៣,៥០០៛​ប៉ុប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print