ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានអះអាងថា ៖ មិត្តចិន គឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពការវិនិយោគដ៏ធំបំផុតរបស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់វិស័យ។
ការចាត់ទុករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រមាណ៣២០០០នាក់ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋឱ្យចំទិសដៅ និងជាក់ស្ដែងនិយម នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ។
សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺសំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យគ្រប់រដូវកាលក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន នៅក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល ភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តចិន ចំពោះការគាំទ្រនិងការជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុផងដែរ។
បន្ថែមលើនេះ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ ៕
ដោយ ៖ សិលា