រដូវបាចទឹកបានកន្លងផុត ពេលនោះមេកងឈ្មោះ អុន ហៅថាតា ខ្សែតី បានឲ្យពួកខ្ញុំទៅដកស្ទូងវិញម្ដង។ ក្នុងរដូវស្ទូងខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំហូបតែបបរគ្មានរសជាតិសោះ ហើយត្រូវទៅធ្វើការងារទាំងថ្ងៃ ទាំងយប់ និងគ្មានថ្ងៃសៅរ៍អាទិត្យឡើយ ដើម្បីសម្រេចបានតាមផែនការរបស់អង្គការ។ ឈានចូលរដូវប្រាំងមេកងបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវវិញម្ដង។ បន្ទាប់ពីអស់ការងារស្ទូង និងច្រូតមេកងបានបញ្ជូនខ្ញុំទៅកាប់ព្រៃ និងច្រូតស្មៅវិញម្ដង។នៅពេលនោះចុងភៅដាក់អង្ករតែ ៤ កំប៉ុងលាយជាមួយបន្លែត្រកួនជួនកាលដាក់ព្រលឹត ឬគល់ចេកក៏មានដែរនៅក្នុងបបរមួយខ្ទះត្នោតយ៉ាងធំ។ ពេលខ្លះខ្ញុំបានឃើញសត្វឈ្លើងនៅក្នុងបងបបរក៏មានដែរ។ ដោយពិបាកស៊ូទ្រាំនឹងការធ្វើបាបនេះ បានធ្វើឲ្យសមមិត្តរួមការងារខ្លះស្លាប់ជាបន្តបន្ទាប់ ឯសមមិត្តផ្សេងទៀតរួមទាំងខ្ញុំដែរនោះ បានចាប់ផ្ដើមឈើរាករូស។ អ្នកខ្លះរាកដល់ថ្នាក់ធ្លាក់ឈាម អ្នកខ្លះទៀតគ្រុនញាក់ក៏នៅតែអង្គការហៅឲ្យមកធ្វើការទៀត។ នៅពេលដែលខ្ញុំឈឺ ខ្ញុំតែងតែទៅបើកយកថ្នាំពីពេទ្យ។ ពេទ្យខ្មែរក្រហមឲ្យថ្នាំខ្មៅគ្រាប់ៗ ដូចៗគ្នា ទៅអ្នកជំងឺ ទោះបីជាយើងឈឺអ្វីក៏ថ្នាំនោះដែរ។ សមមិត្តខ្លះឈឺខ្លាំងដេកលើគ្រែនៅពេទ្យ។អ្នកជំងឺខ្លះត្រូវដេកកន្ទេលនៅនឹងកម្រាលឥដ្ឋ ។ នៅក្នុងមន្ទីរពេទ្យនោះកខ្វក់ណាស់គ្មានអនាម័យទេ។
អង្គការបានអនុវត្តផែនការរបស់ខ្លួន គឺស្រាវជ្រាវរកចាប់ខ្លួនអ្នកណាដែលជាប់និន្នាការទាហានរបស់របប លន់ នល់ យកទៅសម្លាប់ចោលឥតឈប់ឈរឡើយ។ ខ្ញុំសង្កេតឃើញមានប្រជាជនថ្មីជាច្រើនដែលជម្លៀសមកពីភ្នំពេញ និងខេត្តផ្សេងៗមកកាន់តំបន់ដែលខ្ញុំរស់នៅ។ ខ្ញុំបានស្គាល់មិត្តសាន ដែលឪពុករបស់គាត់ជាមន្ត្រី រីឯម្ដាយរបស់គាត់វិញគឺជាអាជីវករ។ មិត្តសានបានរៀបរាប់ប្រាប់ខ្ញុំថា ក្រុមគ្រួសាររបស់គាត់ត្រូវជម្លៀសមកពីភ្នំពេញ។ ម្ដាយរបស់គាត់បានស្លាប់នៅតាមផ្លូវ ព្រោះគាត់អត់អាហារ និងឈឺគ្រុនគ្មានថ្នាំលេប។ រីឯឪពុករបស់គាត់ត្រូវអង្គការចាប់ខ្លួនបាត់ដំណឹងសូន្យឈឹង។ ខ្ញុំ និងមិត្តដទៃទៀតនាំគ្នាជួយការងារមិត្តសាន ព្រោះមិត្តសាន គឺជាកូនអ្នកទីក្រុងមិនចេះការងារស្រែចម្ការអ្វីបន្តិចសោះឡើយ។ ពេលខ្លះយើងនាំគ្នាចែកអាហារដែលពួកយើងលួចចម្អិនយកមកឲ្យមិត្តសានហូបថែមទៀតផង។ មិត្តសាន នៅតែមិនអាចទ្រាំទ្របាននូវការរស់នៅបែបនេះទេ។ សុខភាពរបស់គាត់ចេះតែចុះខ្សោយបន្តិចម្ដងៗរហូតដល់ស្លាប់។
ក្នុងឆ្នាំ ១៩៧៧ មេកងបានបញ្ជូនយើងឲ្យទៅធ្វើការងារនៅភូមិធ្លាមអំបិល។ អង្គការបានហៅយើងឱ្យទៅប្រជុំរួចចែកចប បង្គី និងស្បែកជើងដើម្បីទៅជីកប្រឡាយឈ្មោះ ហុងចរិក ដែលស្ថិតនៅក្នុងសហករណ៍ ស្យា ស្រុកកណ្ដៀង ក្នុងតំបន់ ៧ ។ មេកងតម្រូវឲ្យយើងជីកដីជម្រៅ១.៥ម៉ែត្រ ឲ្យបានក្នុងមួយថ្ងៃ។ បើធ្វើបានតាមផែនការយើងនឹងបានបាយហូប ប៉ុន្តែបើអ្នកណាធ្វើមិនបានតាមផែនការកំណត់នោះ អង្គការនឹងនាំទៅកសាងឬណែនាំ ហើយឲ្យហូបបបររាវ។ នៅក្នុងភូមិធ្លកបានយកមនុស្សឲ្យអូសនង្គ័លជំនួសឲ្យសត្វគោ។ អង្គការយកមនុស្ស ៥ នាក់ទឹមជាមួយនង្គ័លមួយ ដោយឲ្យបួននាក់អូស និងម្នាក់កាន់យាមនង្គ័ល។
ក្រោយមក មេកងបានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅកន្លែងផ្សេងវិញ។ នៅកន្លែងថ្មី ខ្ញុំត្រូវលើកប្រព័ន្ធភ្លឺស្រែ។ដែលមានទទឹង ១ម៉ែត្រខ្នងកំពូលភ្លឺ ទទឹង ៧ តឹក និងមានកម្ពស់ ៥ តឹក ហើយមេកងបានដាក់ផែនការឲ្យយើងក្នុងម្នាក់ៗធ្វើឲ្យបានបណ្ដោយ ២០ ម៉ែត្រ។ ខ្ញុំខំប្រឹងធ្វើការតាំងពីម៉ោង ៤ទៀបភ្លឺដល់ម៉ោង ១១ ព្រឹក និងបន្តពីម៉ោង ១ រសៀលដល់ម៉ោង ៥ ល្ងាច។ ខ្ញុំ និងប្រជាជនផ្សេងទៀតធ្វើការងារមិនបានគ្រប់ទៅតាមផែនការនោះទេ។ មេកងបានដកយករបបអាហារខ្ញុំ និងប្រជាជនផ្សេងៗទៀត ដែលធ្វើការមិនគ្រប់ទៅតាមផែនការដោយមានការកាត់បន្ថយពីអាហារបាយ៣វែក នៅសល់តែ២វែក។ ខ្ញុំមិនពេញចិត្តនឹងទង្វើដែលមេកងធ្វើមកលើពួកយើងនោះទេ ហើយខ្ញុំបានចេញមុខតវ៉ាជាមួយមេកងថា សមមិត្តបង របបអាហារពួកខ្ញុំមានតែបីវែកទេ ហើយឥឡូវដោយសារពួកខ្ញុំធ្វើការមិនគ្រប់តាមផែនការ សមមិត្តបងបន្ថយរបបអាហារខ្ញុំសល់តែពីរវែកអ៊ីចឹង តើពួកខ្ញុំមានកម្លាំងឯណាទៅធ្វើការនៅថ្ងៃស្អែកទៀត ម្យ៉ាងទៀតពួកខ្ញុំសុទ្ធសឹងតែជាក្មេងៗ ដែលពុំធ្លាប់ធ្វើការងារហ្នឹងផង។ ពេលនោះមេកងខឹងនឹងខ្ញុំខ្លាំងណាស់ហើយតបមកខ្ញុំវិញថា សមមិត្តព្រហើនម៉្លេះ ? ហើយហ៊ានប្រឆាំងនឹងបញ្ជារបស់អង្គការទៀត ទាំងដែលសមមិត្តធ្លាប់ដឹងធ្លាប់ឃើញហើយថា នឹងទទួលបានលទ្ធផលបែបណានោះ។មេកងនិយាយរួច ក៏ដើរចេញទៅទាំងខឹងសម្បារយ៉ាងខ្លាំង។ មិត្តរួមការងារផ្សេងទៀតមើលមកខ្ញុំទាំងអស់សង្ឃឹម។ លុះស្អែកឡើងខ្ញុំទៅលើកភ្លឺស្រែដូចរាល់ដងរហូតដល់ល្ងាច។ ពេលខ្ញុំកំពុងដើរត្រឡប់មកពីលើកភ្លឺស្រែវិញស្រាប់តែសមមិត្ត វី បានមកហៅខ្ញុំថា សមមិត្តហែន សមមិត្តបងឲ្យហៅទៅជួប។ ឮដូច្នេះហើយ ខ្ញុំបានដើរតាមសមមិត្ត វី រហូតដល់កន្លែងមេកងរួចខ្ញុំសួរទៅមេកងថា សមមិត្តបងហៅខ្ញុំមកមានការអ្វីដែរ? និយាយរួចខ្ញុំស្រាប់តែក្រឡេកមើលជញ្ជាំងក៏ឃើញមានកងឆ្លូបចំនួន ៤ នាក់ឈរនៅទីនោះ។ ពួកឈ្លបម្នាក់ស្ទុះមកចាប់ខ្ញុំ រួចបណ្តើរយកខ្ញុំចេញទៅ។នៅតាមដងផ្លូវ ខ្ញុំគ្មានគិតឃើញអ្វីឡើយក្រៅពីយល់ឃើញថា ខ្លួនខ្ញុំប្រាកដជាស្លាប់ជាមិនខានឡើយ។ បើខ្ញុំប្រុងរត់គេច ប្រាកដជារត់គេចមិនរួចឡើយ ហើយបើខ្ញុំតដៃ ក៏មិនឈ្នះគេដែរ ព្រោះកងឈ្លបទាំងនោះមានអាវុធគ្រប់គ្នាទាំងអស់។
កងឈ្លបឈ្មោះ ប៉ោង និងឈឹង មានកាំភ្លើងម៉ាកអាកាម្នាក់មួយដើម និងចបកាប់មួយដែរ។ ចំណែកឈ្មោះឆោមមានកាំភ្លើងម៉ាកអឹមសី មួយដើមនិងឈ្មោះ ចាន់ មានកាំបិតផ្គាក់១។ កងឈ្លបបានបណ្ដើរខ្ញុំទៅដល់កន្លែងសម្លាប់ដែលស្ថិតនៅឆ្ងាយពីភូមិបន្តិច។ ខ្ញុំបានឃើញរណ្ដៅមួយដែលជីករួចជាស្រេច។ កងឈ្លបបានឲ្យខ្ញុំលុតជង្គង់មុខរណ្តៅហើយក៏ដើរទៅឆ្ងាយពីខ្ញុំប្រហែល ៤ ម៉ែត្រដើម្បីពិភាក្សាគ្នាសិន។ នៅពេលកំពុងលត់ជង្គង់ខាងមុខរណ្ដៅនោះខ្ញុំបានត្រឹមតែទន្ទេញពាក្យថា ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ និងរំលឹកដល់គុណម្ដាយឪពុករបស់ខ្ញុំស្ងាត់ៗតែម្នាក់ឯង។ បន្តិចក្រោយមកពួកឈ្លបបានដើរមកជិតខ្ញុំ ហើយប៉ោង និងឆោមបានអាម៉េកាំភ្លើងនៅពីខាងក្រៅខ្នងរបស់ខ្ញុំ។ ឈឹង បានឈរកាន់ចប និងចាន់ បានដើរក្រឡឹងជុំវិញ និងសួរចម្លើយដោយបានសម្លុតដាក់ខ្ញុំខ្លាំងៗថាហេតុយ៉ាងម៉េចបានជាមិត្តឯងថ្លើមធំហ៊ានប្រឆាំងនឹងអង្គការ? ខ្ញុំបានឆ្លើយតបទៅវិញទាំងសំឡេងញ័រៗថា សុំទោសមិត្តបង ខ្ញុំមិនហ៊ានប្រឆាំងនឹងអង្គការទេ ព្រោះខ្ញុំនៅក្មេងហើយការងារដែលមិត្តបងដាក់ឲ្យខ្ញុំធ្វើ ក៏ខ្ញុំមិនបានប្រកែកដែរ ប៉ុន្តែការងារខ្លះខ្ញុំមិនធ្លាប់ធ្វើទេ ទើបខ្ញុំធ្វើមិនបានតាមផែនការរបស់អង្គការ។ សម្រាប់មិត្តបងជួយគិតខ្ញុំមើល មិនមែនមានតែខ្ញុំតែម្នាក់ឯងទេ ដែលធ្វើមិនរួចតាមផែនការ តែមេកងប្រកាន់តែខ្ញុំម្នាក់ទៅវិញ? ពួកឈ្លបនៅតែបន្តសួរចម្លើយខ្ញុំបន្តទៀត។ (នៅមានត)