ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ ជារឿងគួរឲ្យសោកស្តាយ និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះសកម្មភាពបំភ្លើស បំភ្លៃ បំភាន់ អត្ថន័យផ្ទាំងពាក្យស្លោកផ្សព្វផ្សាយលើបណ្តាញសង្គមFacebook ពីសំណាក់បុគ្គលម្ចាស់គណនេយ្យFacebookឈ្មោះ “Sothea Chhin”ធ្វើឲ្យមានការយល់ច្រលំ។
លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកសូមជម្រាបជូនថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានយ៉សម្រាប់ឈរទស្សនារូបភាព និងថតរូបអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ទៅ-មកទីតាំងស្ពាន ដោយរំលេចពាក្យស្លោកចំនួនពីរផ្ទាំងគឺ”អរគុណសន្តិភាព” និង”រួមគ្នាថែរក្សា ការពារសន្តិភាព” មិនមានពាក្យស្លោកផ្សេងដូចបុគ្គលម្ចាស់គណនេយ្យFacebookឈ្មោះ “Sothea Chhin”បំភ្លៃនោះទេ។
លោក ផន រឹម បានគូសបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ដែលមានអត្ថធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមកាប់សម្លាប់រាប់មិនអស់។ ប្រជាជនកម្ពុជាទាំងអស់ បានផ្តល់គុណតម្លៃយ៉ាងធំធេងដល់សន្តិភាព។ ពាក្យ «អរគុណសន្តិភាព» ត្រូវបានកត់សម្គាល់ថា មានបិទស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះ ឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ🙏🙏🙏