ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈបុរសជាសន្ដិសុខម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅក្នុងរោងចក្រមួយកន្លែង ក្បែរនឹងសុីទែនទឹក កាលពីវេលាម៉ោង ០៦ និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចរោងចក្រ ខេ ហ្វាញ(ខេមបូឌា) ហ្គាម៉ិន ឯក ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកប៉ាស់ ឃុំឈេីតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅទីតាំងកេីតហេតុ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើយោងតាមការបំភ្លឺពីឈ្មោះ សរ សារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាសន្តិសុខដូចគ្នា បានប្រាប់អោយដឹងថាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨:០០នាទី ខ្ញុំបានដូរវេនយាមជាមួយឈ្មោះ អម ពិសិដ្ឋ (សព) ហេីយ
កម្មករបានចេញពីរោងចក្រអស់។ បន្ទាប់មកទៀតឈ្មោះ អម ពិសិដ្ឋ (សព) បានចេញពីរោងក្រទៅក្រៅរហូតដល់ម៉ោង២០:១០ នាទី ទើបឈ្មោះ អម ពិសិដ្ឋ បានមកដល់រោងចក្រវិញជាមួយឈ្មោះ សោម ភាព ហៅតាឡ កម្មករដុតឡ រួចខ្ញុំបានសួរថាមកពីណា? ឈ្មោះ អម ពិសិដ្ឋ បានឆ្លេីយថាមកពីទិញម្ហូប។ ក្រោយមកទៀត គាត់ក៏ដេីរទៅកន្លែងដេកជាមួយតាឡ ទៅអង្គុយផឹកស្រាថ្នាំ ជាមួយគ្នារហូតដល់ម៉ោង២០:៣០នាទី ឈ្មោះ គីម វីរ: បានបេីកឡានដឹកថៅកែចិនចូលក្នុងរោងចក្រវិញ លុះដល់ម៉ោង២១:៥០នាទី ខ្ញុំបានដេីរទៅចាក់សោទ្វារ រួចក៏ចូលបន្ទប់យាម ដេកលក់រហូតដល់ម៉ោង៦:០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបានងេីបពីដេករួចដេីរបិទភ្លេីងរោងចក្រ រួចក៏ដេីរទៅលុបមុខនៅន្លែងស៉ីទែនទឹក ពេលដេីរទៅដល់ស្រាប់តែឃេីញឈ្មោះ អម ពិសិដ្ឋ (សព) ដេកផ្ងារស្លាប់នៅទីតាំងស៉ីទែនទឹកនោះ រួចខ្ញុំក៏ស្ទុះទៅប្រាប់ចុងភៅ និងរាយការណ៍ប្រាប់មេសន្តិសុខ មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ចុះមកដល់កន្លែងកេីតហេតុ។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា: ឈ្មោះ អម ពិសិដ្ឋ (សព) ស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់។
បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ