ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារដុតគល់ឫស្សីនិងគល់ឈើខាងក្រៅផ្ទះ ផ្ទុះគ្រាប់លាន់ដូចរន្ទះបាញ់បានបង្ករឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរកមើលនិងបញ្ជូនជនសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
បើតាមលោកវីរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថាបុរសរងគ្រោះមានឈ្មោះព្រាប គន្ធា អាយុ ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកបន្តថា ករណីផ្ទុះគ្រាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង២០ នាទីថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៥ស្ថិតនៅភូមឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកបន្ថែមថា ប្រជាពលរដ្ឋឈ្មោះ អ៊ូ ហុំ ភេទប្រុស អាយុ ៦៥ឆ្នាំមុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានរាយការណ៍ថា មានករណីដុតគល់ឬស្សី និងគល់ឈើខាងក្រោយផ្ទះហើយបានផ្ទុះគ្រាប់បណ្តាលឲ្យមានមនុស្សរងរបួស ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានសហការជាមួយមេភូមិ និងលោកស្រីមេឃុំចុះដល់កន្លែងកើតហេតុ និងបានស្តាប់ការបំភ្លឺពីឈ្មោះអ៊ូ ហុំ បានបំភ្លឺថា បុរសខាងលើ បានរងរបួសត្រូវចំភ្លៅខាងឆ្វេងដោយសារផ្ទុះគ្រាប់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ថា គ្រាប់ដែលផ្ទុះនេះជាប្រភេទគ្រាប់អ្វីនោះទេ៕