ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលេីសត្វបក្សីព្រៃ និងឆ្លងមកបក្សីស្រុក និងឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺឬស្លាប់ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានបន្តថា តែកន្លងមក និងថ្មីៗនេះ មានការរកឃេីញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លេីប្រភេទថនិកសត្វមួយចំនួនដូចជា សត្វខ្លា ឆ្មា ឆ្កែ គោ សេះ ជ្រូក។ ល។ ដែលធ្វេីឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្មពីការអាចងាយឆ្លងពី ថនិកសត្វមកមនុស្ស និងពីមនុស្សទៅមនុស្ស និងឈានទៅរកការរាត្បាត និងរាតត្បាតសកលជាថ្មី ។
ប្រភពដដែលបន្តថា តែតាមការវាយតំលៃកំរិតហានិភ័យរបស់អង្គការសុខភាពពិភពលោក (WHO) វាយតំលៃថាមេរោគជំងឺផ្តាសាយបក្សីH5N1 គឺហានិភ័យសុខភាពសាធារណៈជាសកល នាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាប ខណៈពេលដែលហានិភ័យនៃការឆ្លងសម្រាប់អ្នកប៉ះពាល់ផ្ទាល់ការងារមានកម្រិតពីទាបទៅមធ្យម អាស្រ័យទៅលើវិធានការកាត់បន្ថយហានិភ័យ និងលក្ខខណ្ឌការងារ ។
ដូច្នេះការវាយតម្លៃកត់សំគាល់ថាការឆ្លងរវាងសត្វនិងសត្វនៅតែបន្ត និងការកើនឡើងនៃការឆ្លងទៅមនុស្សនៅតែមានជាបន្តបន្ទាប់ ប៉ុន្តែផលប៉ះពាល់សុខភាពសាធារណៈជាសកលនៅតែចាត់ទុកថាតិចតួចនិងមានកំតិតទាបនៅឡេីយនៅពេលនេះ៕ដោយ៖តារា