ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ បានទទួលរបាយការណ៍ពីជនរងគ្រោះម្នាក់អំពី អំពើលួចដោយការឆក់ទូរស័ព្ទតាមដងផ្លូវ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយមកម្លាំងជំនាញបានចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យមានឈ្មោះ កែវ រតនៈ ភេទ ប្រុស កើតឆ្នាំ១៩៩៨ មុខរបរ ជាងដែក ជិះម៉ូតូ HONDA SCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1JJ-0284 បានធ្វើសកម្មភាពឆក់ទូរស័ព្ទ IPHONE 16 PROMAX ពណ៌ទឹកមាស ពីដៃកូនរបស់ជនរងគ្រោះ កំពុងជិះម៉ូតូជាមួយកូន ។
បន្ទាប់ពីធ្វើសកម្មភាពឆក់បាន ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។ នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានសង្កេតឃើញជនសង្ស័យនៅហាងទូរស័ព្ទមួយកន្លែង និងបានជូនដំណឹងទៅសមត្ថកិច្ច កម្លាំងនគរបាលបានឃាត់ខ្លួនភ្លាមៗ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពឆក់ពិតប្រាកដមែន ។
វត្ថុតាងដែលចាប់យកបានម៉ូតូ HONDA SCOOPY ពណ៌ស (មធ្យោបាយធ្វើសកម្មភាព)
ទូរស័ព្ទ OPPO ពណ៌លឿង (ជារបស់ជនសង្ស័យ) ទូរស័ព្ទ IPHONE 16 PROMAX ពណ៌ទឹកមាស (ផលនៃអំពើលួច) ។ ដោយបានអនុញ្ញាតពី លោកព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទទៅជនរងគ្រោះវិញ ។
បច្ចុប្បន្ននេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖តារា