ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្យ។ ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះសមាគមពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា ដែលបានធ្វើការសម្ពោធជាផ្លូវការនាថ្ងៃនេះ ហើយសមាគមនេះនឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការបានលើកឡើងពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយដែលបច្ចុប្បន្ន កម្ពុជា-ចិន បានឈានដល់កម្រិតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយ។
ជាកិច្ចបន្ត លោកអគ្គលេខាធិការ បានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ ក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាបានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ព្រមទាំងត្រូវបានអង្គភាព FDI Intelligence នៃកាសែត Financial Times ដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខ៥០លើសកលលោក ដែលមានទស្សនវិស័យវិនិយោគផ្ទាល់បរទេសដ៏ស្វាហាប់ ដូចជា៖ ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, សក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗសំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។
ជាចុងបញ្ចប់ លោកអគ្គលេខាធិការ បានលើកទឹកចិត្តដល់សមាគមក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ីដែលបានវិនិយោគនៅកម្ពុជាកន្លងមកឱ្យបានទូលំទូលាយដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។
លោកអគ្គលេខាធិការ បានអំពាវនាវដល់វិនិយោគិនចិនដទៃទៀតដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរ កម្ពុជា-ចិន៕
ដោយ៖តារា