ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីដែលតភ្ជាប់នឹងបង្គោលភ្លើង (បង្គោលដែក) នៅខាង ក្រោយផ្ទះឆ្លងចរន្តឆក់បណ្ដាលឲ្យស្លាប់ នៅពេលគាត់ដើរបាញ់ថ្នាំស្មៅសុខៗ ហើយទៅប៉ះនឹងបង្គោលភ្លើងនោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៥ ឧសភា នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហយ វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅចំណុចកើត ហេតុ ។ ជនរងគ្រោះត្រូវចរន្តអគ្គិសនីដែលតភ្ជាប់ទៅនឹងបង្គោលភ្លើង (បង្គោលដែក) នៅខាងក្រោយផ្ទះគាត់ឆ្លងចរន្ត ហើយនៅពេលគាត់ដើរទៅប៉ះក៏ឆក់គាត់ បណ្ដាលឲ្យដួលស្លាប់ក្បែរបង្គោលភ្លើងខាងក្រោយផ្ទះតែម្ដង ។
បើតាមការបំភ្លឺពីក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានដើរបាញ់ថ្នាំស្មៅខាងក្រោយផ្ទះ ហើយបង្គោលភ្លើងនោះនៅខាងក្រោយផ្ទះគាត់ ។ ប្រភពដដែលបានបញ្ជាក់ថា ពេលគាត់កំពុងដើរបាញ់ថ្នាំស្មៅសុខៗមិនដឹងយ៉ាងម៉េច គាត់បានដើរពីស្ទាបបង្គោលភ្លើង ខណៈដែលបង្គោលភ្លើងនោះឆ្លងចរន្តដែលគាត់មិនបានដឹង ក៏ឆក់គាត់ស្លាប់ដេកដួលជាមួយធុងបាញ់ថ្នាំក្បែរបង្គោលភ្លើងយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភួមិ ។
មន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យភ្លាមៗ ក្រោយកើតហេតុ ។ សមត្ថកិច្ច បាននិយាយថា បើពិនិត្យមើលស្ថានភាព នេះជារឿងចៃដន្យបំផុត ដែលជនរងគ្រោះមិនបានគិតថា បង្គោលភ្លើងដែកនេះ មានឆ្លងចរន្តអគ្គីសនី ។
ជនរងគ្រោះទំនងបានដើរទៅតោងបង្គោលភ្លើងនោះ ដោយមិនដឹងថា មានឆ្លងចរន្ត ទើបឆក់គាត់បណ្ដាលឲ្យស្លាប់បែបនេះ ។ ក្រោយពិនិត្យ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ៕