រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១៤ នៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអោយប៉ា លើកទី១៤ នៅប្រទេសម៉ាឡេស៊ី ។

តបតាមការអញ្ជើញរបស់លោកបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធាន មហាសន្និបាតអោយប៉ាលើកទី៤៦ និងដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អោយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា រួមមាន លោកបណ្ឌិត ចែម វីទ្យា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃ ព្រឹទ្ធសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង ព័ត៌មាននៃរដ្ឋសភា ចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអោយប៉ា លើកទី១៤ ក្រោមប្រធានបទ «បរិយាបន្ននិងចីរភាព» ចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាម៉ាឡេស៊ី លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអោយប៉ា មុននឹង ចូលរួមកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំអោយប៉ា ដើម្បីរៀបចំសាររបស់អោយប៉ាសម្រាប់ ថ្លែងទៅកាន់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន នាឱកាសនៃកិច្ចប្រជុំទល់មុខរវាងប្រមុខ ដឹកនាំអាស៊ាននិងអោយប៉ា។ ថ្លែងក្នុងកិច្ចប្រជុំដ៏ឧឡារិកនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូល លើសេចក្តីព្រាងខ្លឹមសារ ដោយបានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តគាំទ្រការកសាងសហគមន៍អាស៊ាន ប្រកបដោយភាពធន់និងយកប្រជាជនជាស្នូល។ អង្គប្រជុំក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមាន «វេទិកាព្រឹទ្ធសភា» ក្នុងអោយប៉ា ដោយបានអនុញ្ញាតឱ្យអគ្គលេខាធិការអាយប៉ាបញ្ចូលកម្មវិធី «វេទិកាថ្នាក់ដឹកនាំ អោយប៉ា (AIPA Leaders’ Forum) ដែលជាវេទិកាបើកទូលាយឱ្យមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា និង ព្រឹទ្ធសភានៃបណ្តាសភាសមាជិកអាយប៉ា ហើយនឹងត្រូវពិនិត្យសម្រេចចុងក្រោយនៅក្នុងមហាសន្និបាតអោយប៉ា លើកទី៤៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានណែនាំជូនអង្គប្រជុំអំពីបេក្ខភាព លោកបណ្ឌិត ចែម វីទ្យា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា សម្រាប់តំណែងអគ្គលេខាធិការអាយប៉ា អាណត្តិ ២០២៥-២០២៨ និងបានទទួលការស្វាគមន៍ជាឯកច្ឆ័ន្ធពីអង្គប្រជុំទាំងមូល។

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអោយប៉ាលើកទី៤៦ បានថ្លែងសារជូនថ្នាក់ដឹកនាំអាស៊ាន ដោយបានអំពាវនាំឱ្យ អាស៊ានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការចូលរួមរបស់ស្ត្រីនិងយុវជន ការវិនិយោគបៃតង និងការ ផ្លាស់ប្តូរឌីជីថល ក៏ដូចជារួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ រួមមានបញ្ហាសន្តិភាពនៅ ប្រទេសមីយ៉ាន់ម៉ា សន្តិភាពនៅអ៊ុយក្រែន វិបត្តិនៅហ្គាហ្សា និងភាពតានតឹងភូមិសាស្ត្រនយោបាយ តាមរយៈការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងអោយប៉ា សំដៅបង្កើតសហគមន៍អាស៊ានមួយដែលប្រកបដោយភាពធន់ បរិយាបន្នភាព និងចីរភាព។
ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចជុំខាងលើ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។
លោកប្រធានរដ្ឋសភាបានកោតសរសើរអំពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ដោយសារកត្តាប្រជាជនដែលមានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្របជាមួយ ប្រជាជន ជាពិសេសកម្ពុជាមានថ្នាក់ដឹកនាំកំពូលប្រកបដោយសមត្ថភាពខ្ពស់នឹងភាពប៉ិនប្រសប់ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា និងបន្តវេនដឹកនាំប្រទេសជាតិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទស្សនវិស័យ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់និង ពិភពលោក។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភាទីម័រឡេស្តេ។ លោកបានបញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះការគាំទ្របេក្ខភាពទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន និងជាសមាជិកពេញសិទ្ធិរបស់អោយប៉ា និងបណ្តា វេទិកាអន្តរសភានានាដទៃទៀត ដើម្បីទទួលបានកាលានុវត្តភាពពេញលេញ ក្នុងការរួមចំណែកកសាងនិងថែ រក្សាសុខសន្តិភាពក្នុងតំបន់និងពិភពលោក។ ក្នុងនាមរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ លោកស្រី ប្រធានរដ្ឋសភា បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើបឋកថាចែករំលែកបទពិសោធន៍ ល្អៗ អំពីការកសាងប្រទេសជាតិ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅប្រទេសទីម័រ ឡេស្តេ កាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេសការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សម្តេចតេជោ ក្នុង ការជំរុញឱ្យប្រទេសទីម័រឡេស្តេបានចូលជាសមាជិកទី១១ របស់អាស៊ាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងជំនួប ដាច់ដោយឡែកជាមួយលោកស្រី Southone Xayachack អនុប្រធានរដ្ឋសភាឡាវ និងឯកឧត្តម Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម។ ភាគីឡាវនិងវៀតណាមបានរកោតសរសើរអំពីការរីកចម្រើនរបស់កម្ពុជា ជាបន្តបន្ទាប់លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចទៅវិញទៅមកក្នុងក្របខ័ណ្ឌសភា និងបន្តរក្សាទំនាក់ទំនងការទូតដ៏រឹងមាំនិងជិតស្និទ្ធ នៃប្រជាជាតិទាំងបី។

ជាមួយគ្នានេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអោយប៉ា លើកទី១៤ លោកបណ្ឌិត ចែម វីទ្យា និងលោក សួស យ៉ារ៉ា ក៏បានជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយលោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ អោយប៉ា និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីវឌ្ឍនភាពការងារអាស៊ាននិងអោយប៉ា។

កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាននិងអោយប៉ា គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អាស៊ាន ដែលជាតំណាងស្ថាប័ននីតិប្បញ្ញត្តិនិងអោយប៉ា ដែលជាតំណាងនៃស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ពលរដ្ឋអាស៊ានជូនទៅដល់ប្រមុខ ដឹកនាំអាស៊ាននូវដំណោះស្រាយសង្គមផ្សេងៗ ដើម្បីលើកកម្ពស់វិបុលភាពនិងស្ថិរភាពសម្រាប់សហគមន៍ អាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print