ខេត្តព្រះសីហនុ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អនុវត្ដតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ។ គោលដៅទី១ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លទ្ធផល៖ ចាប់ខ្លួនជនល្មើស ០៥នាក់ ស្រី ១នាក់ ក្នងនោះមាន ជនជាតិជាវៀតណាម ០២នាក់(ស្រី១) ជនជាតិចិន០២នាក់ និង ជនជាតិខ្មែរ ១នាក់៖
វត្ថុតាងចាប់យក៖
១. គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥០,៨៤ ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ គ.ក្រ ៩៣៩,០៧ ក្រាម
សរុបរួមសារធាតុញៀនទម្ងន់ ១ គ.ក្រ ៩៨៩,៩១ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕ដោយ៖តារា