មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពងទាកូនស្រែរនោង ខេត្តតាកែវ គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ចែករំលែក៖

ខេត្តតាកែវ ៖ ពងទាកូនស្រែរនោង ខេត្តតាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានភាពល្បីល្បាញផងនោះ គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត នៅក្រសួងពាណិជ្ជកម្ម នាពេលខាងមុខនេះ។ នេះបើយោងតាមលោក កែវ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីការប្រើប្រាស់ជីសេរីរាង្គផលិតចេញឡជីវៈឧស្ម័ន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរកសិកម្មខេត្តតាកែវ។

លោក កែវ ផល បានបញ្ជាក់ថា បន្ទាប់ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទៅលើផលិតផល «បង្កងតាកែវ» ដែលធ្វើឲ្យតម្លៃបង្កងមានការកើនឡើង និងមានតម្លៃល្អ អាជ្ញាធខេត្តតាកែវ រួមជាមួយក្រសួងកសិកម្ម កំពុងតែសិក្សាពីលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីម៉ាកពងទាកូន ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ទៅក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខនេះផងដែរ។

សូមជម្រាបថា ខេត្តតាកែវ មានការចិញ្ចឹមទាសរុបជាង១លានក្បាល ក្នុងនោះមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន និងមានកន្លែងភ្ញាស់ពងទា ចំនួន៧៤កន្លែង។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ កាន់តែច្រើនឡើងផងដែរ។

សូមជម្រាបថា ៖ លោកអភិបាលខេត្តតាកែវ បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យប្រឹងប្រឹងប្រែងបន្តភ្ញាស់ពងទាកូនឱ្យបានច្រើន តម្រូវទៅតាមទីផ្សារក្នុងស្រុក ដោយរក្សាទម្លាប់ភ្ញាស់ ដោយធម្មជាតិឱ្យបានច្រើន។

បើតាមលោក វ៉ី សំណាង ក្រៅពីបង្កងតាកែវ ពងទាកូនស្រែរនោងរបស់ខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសស្គាល់ច្រើនព្រោះមានរសជាតិឆ្ងាញ់ និងជារបស់ធម្មជាតិពិតៗ ដូច្នោះសូមបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍បន្តភ្ញាស់ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់លើទីផ្សារ ហើយវាក៏បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានជីវភាពល្អប្រសើរផងដែរ។

បើយោងតាមលោក លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាស់ពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិមានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើងមានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទីផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។

លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងនោះសហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ពង ជាប្រចាំថ្ងៃដល់សហគមន៍ ដើម្បីផលិត ជាពងទាកូន និងពងសាប សម្រាប់លក់លើទីផ្សារផងដែរ។

គួរជម្រាបថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទារហូតដល់ផលិតជាពងបញ្ចេញលក់លើទីផ្សារ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print