នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា មេដឹកនាំអាស៊ីអាគ្នេយ៍ឈានដល់ការយោគយល់គ្នាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលពួកគេធ្វើឡើងជាមួយសហរដ្ឋអាមេរិកលើពន្ធពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកឡើយ
។
លោក Anwar ដែលជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក៏បានបញ្ចាក់បន្ថែមថាមានការឯកភាពគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Kuala Lumpur ថាកិច្ចព្រមព្រៀងណាមួយដែលបានចរចាជាមួយទីក្រុងវ៉ាស៊ីនតោននឹងធានាការពារផលប្រយោជន៍នៃតំបន់ទាំងមូល។
កិច្ចប្រជុំអាស៊ានបានធ្វើឡើងក្នុងពេលដែលមានការប្រែប្រួលទីផ្សារពិភពលោក និងកំណើនសេដ្ឋកិច្ចយឺត ហើយចំពេលមានភាពមិនប្រាកដប្រជាអំពីសង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងចាប់តាំងពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការបន្ថែមពន្ធបដិការ។ អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយ ដោយប្រទេសចំនួនប្រាំមួយរបស់ខ្លួនប្រឈមនឹងការយកពន្ធចន្លោះពី 32% ទៅ 49% នៅក្នុងខែកក្កដា ប្រសិនបើការចរចាស្តីពីការកាត់បន្ថយបរាជ័យ។
អាស៊ាន ដែលជាតំបន់ដែលមានផលិតផលក្នុងស្រុកសរុបជាង 3.8 ទ្រីលានដុល្លារ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញក្នុងតំបន់ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ប្លុកដែលមានសមាជិក 10 កាលពីថ្ងៃអង្គារបានចេញផ្សាយផែនការយុទ្ធសាស្រ្តរយៈពេល 5 ឆ្នាំដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដោយលើកឡើងពីបញ្ហាប្រឈមដែលមានន័យថា “ការបន្តអាជីវកម្មដូចធម្មតានឹងមិនគ្រប់គ្រាន់ទេ” ។ កិច្ចប្រជុំកាលពីថ្ងៃអង្គារក៏បានរួមបញ្ចូលផងដែរនូវការប្រមូលផ្តុំសេដ្ឋកិច្ចរបស់មេដឹកនាំអាស៊ាន បណ្តាប្រទេសឈូងសមុទ្រ និងប្រទេសចិន ដែលតំណាងដោយនាយករដ្ឋមន្ត្រី Li Qiang ។
នៅក្នុងព្រឹត្តិការណ៍អាហារពេលល្ងាចមួយកាលពីល្ងាចថ្ងៃអង្គារ លោក Li របស់ប្រទេសចិនបានជំរុញឱ្យប្រទេសឈូងសមុទ្រ និងអាស៊ានដកចេញនូវរបាំងពាណិជ្ជកម្ម និងពង្រីកសេរីភាវូបនីយកម្មចំពោះមុខការកើនឡើងនៃលទ្ធិគាំពារនិយម និងឯកតោភាគីនិយម។ លោកបានមានប្រសាសន៍ថា “យើងទាំងអស់គ្នាត្រូវរក្សាយ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ហើយជំរុញការបង្កើតបរិយាកាសទីផ្សារអន្តរជាតិប្រកបដោយស្ថិរភាព និងសណ្តាប់ធ្នាប់”។