ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញមុខជនល្មើសគ្រឿងញៀន ជាជនជាតិចិន វៀតណាម និងខ្មែរសរុបចំនួន ០៥នាក់ ទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អុីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំនួន២គោលដៅ ។
គោលដៅទី១ ៖ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គោលដៅទី២ ៖ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជាលទ្ធផល ៖ ចាប់ខ្លួនជនល្មើសចំនួន ០៥នាក់ ស្រី ០១នាក់ ក្នុងនោះមាន ជនជាតិជាវៀតណាម ០២នាក់(ស្រី១) ជនជាតិចិន០២នាក់ និងជនជាតិខ្មែរ ១នាក់ ។
វត្ថុតាងចាប់យកមាន ៖
១. គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥០,៨៤ ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ គ.ក្រ ៩៣៩,០៧ ក្រាម
សរុបរួមសារធាតុញៀនទម្ងន់ ១ គ.ក្រ ៩៨៩,៩១ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី ៕ដោយ៖តារា