ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
១. កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២
កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២ បានពិនិត្យ វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រ (២០២៤-២០២៨) និងបានពិភាក្សាពីទិសដៅអនាគត ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពដែលកំពុងកើតឡើង។ ថ្នាក់ដឹកនាំបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់ នៃការបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសតាមរយៈការពង្រឹងទំនាក់ទំនងរវាង សហគមន៍ធុរកិច្ច រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN- BAC) និងសហព័ន្ធសភានៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំក៏បាន ពិភាក្សាលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីរបស់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហដែលផ្អែកលើច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងរយៈពេលវែង។ សម្តេចធិបតី បានគូសបញ្ជាក់ពីតម្រូវការលើការលើក កម្ពស់ភាពធន់ ការប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមMSMEs)។ ថ្នាក់ដឹកនាំបានកត់សម្គាល់ពីអត្ថ-ប្រយោជន៍មួយចំនួន ដែលបំពេញឱ្យគ្នាទៅវិញទៅ មករវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ជាពិសេសលើវិស័យយុទ្ធសាស្ត្រ ដូចជាថាមពល និងសន្តិសុខស្បៀង រួមទាំងបណ្តាញអគ្គិសនីអាស៊ាន និងឧស្សាហកម្មហាឡាល។
ថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរទស្សនៈពីបញ្ហាតំបន់ និងសាកល ដោយបានសង្កត់ធ្ងន់ពីសារៈ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។ គូសបញ្ជាក់ពីស្មារតីនៃ កិច្ចប្រជុំកំពូល សម្តេចធិបតី បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា ដោយ អនុលោមពេញលេញតាមច្បាប់មនុស្សធម៌អន្តរជាតិ និងសូមបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះ ដំណោះស្រាយរដ្ឋពីរ ដោយផ្អែកលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ២. កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន
កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន បានប្រព្រឹត្តទៅក្រោម មូលបទ «ការរួមបញ្ចូលគ្នានៃកាលានុវត្តភាពសេដ្ឋកិច្ចឆ្ពោះទៅរកវិបុលភាពរួម» ក្នុងគោលបំណង ពង្រឹងភាពធន់សេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងលើកកម្ពស់វិបុលភាពរួម។ ថ្នាក់ ដឹកនាំបានផ្លាស់ប្តូរមតិគ្នាលើការវិវត្តសំខាន់ៗក្នុងតំបន់ទាំងបី និងបានស្វែងរកវិស័យនៃកិច្ចសហ- ប្រតិបត្តិការដែលមានសក្តានុពល ដែលរួមមានពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ចឌីជីថល សន្តិសុខស្បៀងនិងថាមពល ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន វប្បធម៌ និងការអប់រំ។
ដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រជាដៃគូពាណិជ្ជកម្មធំជាងគេទី៦ របស់ អាស៊ាន សម្តេចធិបតី បានស្នើឱ្យអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពន្លឿនការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស៊ីជម្រៅ ដើម្បីពង្រីកទីផ្សារ លើកកម្ពស់ការតភ្ជាប់ទំនិញ សេវាកម្ម និងការវិនិយោគ និងជំរុញការធ្វើសុខុដុមនីកម្មស្តង់ដារ និងការសម្របសម្រួលពាណិជ្ជកម្ម។
សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍរបស់អាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តំបន់ និងជាប្រភពនៃការវិនិយោគ ផ្ទាល់ពីបរទេសធំទីពីរ។ សម្តេចធិបតី បានកោតសរសើរដល់ការបញ្ចប់ដោយជោគជ័យនូវការ ដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) និងទន្ទឹងរកចាំការចុះ ហត្ថលេខានាពេលចុងឆ្នាំនេះ។ ការដំឡើងកម្រិតនេះនឹងគាំទ្រទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ចិន បន្ថែមទៀត ជាពិសេសលើវិស័យមួយចំនួនដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រទេសចិនក្នុងគំនិតផ្តួចផ្តើមត្រីភាគីនេះ បានបង្កើនឥទ្ធិពល និងសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងខ្លាំងបន្ថែមទៀត។ ជាមួយគ្នានេះ ផងដែរ អាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងចិន អាចប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ថាមពល ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យថ្មីៗផ្សេងទៀត។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យស្វែងរកមធ្យោបាយក្នុងការកៀរគរធនធាន រួមទាំងតាមរយៈ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញថាមពលអាស៊ាន និងគំនិតផ្តួចផ្តើមការតភ្ជាប់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រ-ចិន គឺជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅការកសាងភាពជាដៃគូដែលមានភាពធន់ បរិយាបន្ន និងត្រៀមរួចលក្ខណៈសម្រាប់អនាគត។ សម្តេចធិបតី បានបញ្ជាក់ថា គំរូកិច្ចសហ ប្រតិបត្តិការនេះមានសក្តានុពលក្នុងការនាំមកនូវផលប្រយោជន៍ជារូបវន្តដល់ប្រជាជន និងជាគំរូ សម្រាប់ការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅកាន់តែច្រើនឡើង ក្រោមរបៀបវារៈអាស៊ាន សកល។ ក្នុងន័យនេះ សម្តេចធិបតី បានស្វាគមន៍ការអនុម័តសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន។
៣. ជំនួបទ្វេភាគី
ស្របពេលនឹងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសចិន ហ្វីលីពីន អូម៉ង់ បារ៉ែន និងកូវ៉ែត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាផលប្រយោជន៍រួម។ បន្ថែមពីលើ នេះ សម្តេចធិបតី បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម ព្រះមហាក្សត្រម៉ាឡេស៊ី ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានទទួលជំនួបសម្តែងការ គួរសមពីវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្ម និងកាលានុវត្តភាពនៃ ការវិនិយោគ៕ដោយ៖តារា