ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងចាត់ទុកការផ្ទុះអាវុធ ផ្តើមឡើងដោយកងទ័ពថៃ គឺជាលេសបង្កជម្លោះរបស់ប្រទេសថៃ ហើយអូសបញ្ហាព្រំដែនជាមួយកម្ពុជា។ សម្រាប់លោកបណ្ឌិត ព្រឹត្តិការណ៍ចូលមកបាញ់ប្រហារទាំងកម្រោលលើកងទ័ពកម្ពុជា ពីសំណាក់កងទ័ពថៃ កើតឡើងដោយសារតែអ្នកនយោបាយថៃ ដែលតែងតែរុញច្រានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែន ពិសេស ព្រំដែនកម្ពុជា-ថៃ ដូចដែលថៃធ្លាប់បានបង្វែរព្រឹត្តិការណ៍នយោបាយ នៅក្រុងបាងកក មកបង្កើតជាទំនាស់នៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ហើយឈានដល់ការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ។
បើតាមលោកបណ្ឌិត យង់ ពៅ ការផ្ទុះអាវុធនេះ គឺចេតនាទុច្ចរឹតរបស់អ្នកនយោបាយថៃ ដែលគេរៀបចំឡើង ដើម្បីឱ្យមានការភ័ន្តច្រឡំ ហើយបង្កើតនូវបញ្ហាស្មុគស្មាញបន្ថែមទៀត នៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។លោក អំពាវនាវឱ្យអ្នកនយោបាយថៃត្រូវដកថយខ្លួនពីបញ្ហានេះ ហើយទុកបញ្ហាបច្ចេកទេសព្រំដែនឱ្យមន្ត្រីជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរធ្វើការងារជាមួយគ្នា។
លោកថា ករណីនេះ មិនគួរបណ្ដែតបណ្ដោយឱ្យមានការរីករាលដាល ទៅជាការប្រឈមទ្រង់ទ្រាយធំនៅតាមព្រំដែនឡើយ ព្រោះបច្ចុប្បន្ន ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែកំពុងប្រឈមនឹងវិបត្តិសាកលដូចគ្នា ដូច្នេះប្រសិនបើ វិបត្តិព្រំដែនរវាងប្រទេសជិតខាងទាំងពីរផ្ទុះឡើង នឹងបណ្ដាលឱ្យមានផលប៉ះពាល់កាន់តែខ្លាំង ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។
លោកស្នើឱ្យភាគីកងទ័ពនៃប្រទេសទាំងពីរ ត្រូវតែរក្សាភាពអត់ធ្មត់ និង ត្រូវរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ និងមានកិច្ចពិភាក្សាគ្នាជាប្រចាំ ដើម្បីបញ្ចៀសលទ្ធភាពនៃការប្រឈមុខដាក់គ្នា ហើយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរត្រូវតែបន្តជជែក និង ដោះស្រាយបញ្ហាបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ៕ដោយ៖តារា
រូបភាព៖ឯកសារ