ប្រជាពលរដ្ឋនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានស្ត្រីម្នាក់ឈ្មោះ ចែពៅ ធ្វើសកម្មភាពបើកលេងល្បែងស៊ីសងទ្រង់ទ្រាយធំនៅក្នុងភូមិគ្រឹះមួយកន្លែងដោយពុំមានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់សោះ ឡើយ ។ ប្រភពបានឲ្យដឹងទៀតថា ចែពៅ បើកលេងល្បែងក្នុងភូមិគ្រឹះមួយតាម បណ្តោយផ្លូវព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយមានអ្នកយាមកាមយ៉ាង តឹងរ៉ឹង ព្រោះគេស្គាល់យ៉ាងច្បាស់គ្រប់អត្តសញ្ញាណម៉ូយដែលចូលមកលេងល្បែង។
តាមការបង្ហើបពីប្រជាពលរដ្ឋដែលមានលំនៅឋានជិតកន្លែងលេងល្បែងស៊ីសង នោះបានឲ្យដឹងថាឈ្មោះ ទ័រ និងចែពៅ បានឃុបឃិតគ្នាបើកលេងល្បែងស៊ីសងក្នុង ភូមិគ្រឹះមួយជាយូរមកហើយ ដោយមន្ត្រីអាជ្ញាធរសង្កាត់ក៏ដូចជានគរបាលប៉ុស្ដិ៍រដ្ឋបាល សង្កាត់ចតុមុខមិនហ៊ានទៅក្បែរនោះទេ។ ប្រភពបានឲ្យដឹងទៀតថា អ្នកចូលលេងល្បែង នៅទីនោះសុទ្ធតែជាអ្នកមានជីវភាពធូរធារដូចជា ប្រពន្ធមន្ត្រីធំៗ ក្រុមអ្នកជំនួញ ស្រីកំណាន់លោកធំៗ និងក្រុមអ្នកញៀនល្បែងក្នុងកាស៊ីណូជាដើម ព្រោះពួកគេមាន ជំនឿលើចែពៅ និងឈ្មោះ ទ័រ ក្នុងការរក្សាសន្តិសុខ ។ ចែពៅធ្លាប់អួតអាងប្រាប់អតិថិជន របស់ខ្លួនថា ខ្លួនបានបង់លុយឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើអស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ ។
ផ្ដើមចេញពីល្បែងស៊ីសងដែលឈ្មោះ ទ័រ និងចែពៅ បើកលេងតាមអំពើចិត្តនោះហើយទើបបណ្តាលឲ្យមានបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកក្នុងខណ្ឌដូនពេញដូចជាអំពើប្លន់ប្រដាប់អាវុធ ចោរឆក់ ចោរគាស់ផ្ទះយកទ្រព្យសម្បត្តិក៏ដូចជាបទល្មើសគ្រឿងញៀន។ បើអាជ្ញាធរមិនទទួលបានផលប្រយោជន៍ពីឈ្មោះ ទ័រ និងចែពៅ ដែលបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់ចតុមុខទេនោះគួរចាត់វិធានការបង្ក្រាប ឲ្យបានទាន់ពេលវេលា ។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ចែពៅ ដែលមានខ្នងបង្អែករឹងមាំមិនត្រឹមតែបើកលេង ល្បែងស៊ីសងក្នុងខណ្ឌដូនពេញប៉ុណ្ណោះទេគឺមានបើកលេងល្បែងស៊ីសងនៅស្ទើរគ្រប់ ខណ្ឌក្នុងរាជធានីភ្នំពេញដោយមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ ៕