ភ្នំពេញ ៖ សម្ដេចតេជោ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ថ្លែងថា ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ ដែលភាគីម្ខាងទៀតបំពាន។ តាមសម្ដេចតេជោ អាវុធដែលយកទៅមិនមែន ដើម្បីវាយថៃទេ តែគ្រប់យ៉ាងគឺបម្រុងទុក កុំឱ្យជាន់ដានប្រវត្តិសាស្ត្រចន្លោះឆ្នាំ២០០៨ ដល់២០១១។ ប្រសាសន៍សម្ដេចតេជោ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងសារពិសេសមួយ ។
សម្តេចបន្តថា ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ៕
ដោយ ៖ សិលា