នៅដើមខែកុម្ភៈឆ្នាំ ១៩៧៦ ប្រជាជនភូមិតានន ត្រូវអង្គការជម្លៀសបំបែកគ្នា ព្រោះអង្គការបានស៊ើបដឹងថា អ្នកភូមិនេះសុទ្ធតែជាបងប្អូនជាប់ខ្សែលោហិតនឹងគ្នា។ គោលដៅនៃការបំបែករបស់អង្គការនេះគឺដើម្បីងាយស្រួលកាត់ផ្ដាច់មនោសញ្ចេតនា។ នាងហឿន ត្រូវជម្លៀសឲ្យទៅនៅចម្ការជីលួសឆ្ងាយពីឪពុកម្តាយរបស់នាងប្រហែល១០គីឡូម៉ែត្រ។ រំលងបានពីរបីថ្ងៃ នាងហឿន បានជួបពុទ្ធីដោយចៃដន្យស្របពេលដែលឌុចចេញទៅរកឧស។ ស្នេហារវាងនាងហឿន និង វុទ្ធី បានក្លាយទៅជាអតីតកាលទៅហើយ ដូច្នេះនាងហឿនបានសុំវុទ្ធីធ្វើជាបងធម៌។ មុនពេលត្រឡប់ទៅវិញវុទ្ធីបានផ្ដែផ្ដាំនាងហឿនទាំងទឹកមុខស្រពោនថា ប្អូនស្រីត្រូវស្រឡាញ់គ្នាដល់ចាស់កោងខ្នងណា ទោះបីមានរឿងអ្វីក៏ដោយ ប្អូនត្រូវចេះអត់ឱនឱ្យគ្នា។ នាងហឿនតបទៅវុទ្ធីវិញទាំងអួលដើមកថា ចាសបង ។
វុទ្ធី ផ្ដែផ្ដាំបន្ថែមទៀតថាស្រុកទេសយើងប្រែប្រួលកាន់តែយ៉ាប់ហើយ យើងនឹងជួបទុក្ខលំបាកវេទនាជាងស្លាប់ទៅទៀត។និយាយចប់ វុទ្ធី ក៏ដើរចេញទៅ។ពេលប្ដីមកដល់ នាងហឿន ក៏ប្រាប់ពីដំណើររឿងស្រុកទេសដែល វុទ្ធី បាននិយាយប្រាប់នាង។
នៅចុងខែកុម្ភៈ ឆ្នាំ១៩៧៦ អង្គការបានជម្លៀសប្រជាជនស្ទើរតែមួយឃុំសំឡូតឲ្យទៅនៅជំនាបសាប ដែលនៅឆ្ងាយពីនោះប្រហែល ២០ គីឡូម៉ែត្រ។ អង្គការបានរៀបចំប្រជាជនជាជួរជាប់ៗគ្នានិងបែងចែកបុរស ស្ត្រី ដែលនៅលីវឲ្យនៅផ្សេងពីគ្នា ប៉ុន្តែអ្នកមានគ្រួសាររស់នៅជាគ្រួសារដដែល។ពេលនោះអង្គការលែងគិតថានរណាជាប្រជាជនរស់នៅមកពីទីក្រុង ឬ ជនបទទៀតហើយ។អង្គការបានចាប់ផ្ដើមឲ្យប្រជាជនរស់នៅជាសហករណ៍ ប៉ុន្តែមិនទាន់ឱ្យស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនៅឡើយទេ។ ចំណែកកម្មសិទ្ធិវិញក៏មិនទាន់កាត់ផ្ដាច់ទាំងស្រុងដែរ។
នៅខែមេសាឆ្នាំ ១៩៧៦ រដូវចូលឆ្នាំបានឈានចូលមកដល់។អង្គការបានប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំដោយបានប្រកាសឲ្យប្រជាជនដឹងថា ជាថ្ងៃចូលឆ្នាំប្រពៃណីជាតិ។ ក្នុងថ្ងៃចូលឆ្នាំអង្គការបានអង្គការបានបើកអង្គមីទិ្ទញដើម្បីផ្សព្វផ្សាយនូវនយោបាយមហាលោតផ្លោះ រួមមានរបៀបរស់នៅ ការហូបចុក ការស្លៀកពាក់ ផ្តាច់កម្មសិទ្ធិឯកជនទាំងអស់។ តាំងពីពេលនោះមក ប្រជាជនបាត់បង់សិទ្ធិសេរីភាពទាំងស្រុង។ ស្រីៗតម្រូវឲ្យកាត់សក់ខ្លីត្រឹម និងរៀបចំរចនាសម្ព័ន្ធក្រុមសហករណ៍ដូចជាមេក្រុម មេកង និងមេពួកជាដើម។ អង្គការប្រារព្ធពិធីបុណ្យចូលឆ្នាំមួយព្រឹកពេញ ដល់ពេលរសៀល អង្គការបានឲ្យប្រជាជនចាប់ផ្តើមទៅធ្វើការរៀងៗខ្លួន តាមមុខសញ្ញាដែលបានកំណត់។ ចាប់តាំងពីពេលនោះមក ការហូបចុក ប្តូរមកហូបរួមទាំងអស់ និងទទួលបានរបបអាហារតែ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ អង្គការបានរៀបចំរោងបាយ និងចុងភៅ ប៉ុន្តែអាហារដែលធ្វើឲ្យប្រជាជនហូប មិនបានគ្រប់គ្រាន់ទេ។ សំណាងល្អតំបន់ដែលខ្ញុំរស់នៅគឺជាតំបន់ព្រៃភ្នំ មានដំណាំបន្លែធម្មជាតិជាច្រើនអាចឲ្យប្រជាជនហូបចម្អែតក្រពះបាន។ការលំបាកទាំងអស់នេះបានធ្វើឲ្យប្រជាជនចាប់ផ្ដើមស្រកសាច់ស្គមស្គាំង និងធ្លាក់ខ្លួនឈឺ។
ស្បៃអន្ធការបានគ្របដណ្ដប់លើប្រជាជនឃុំសំឡូតគ្រប់គ្នា។សម្លៀកបំពាក់ត្រូវផ្លាស់ប្ដូរមកជាពណ៌ខ្មៅ ឬអាចម៍សេះគ្រប់ៗគ្នា។យើងត្រូវធ្វើការងារចាប់ពីម៉ោង ៦និង៣០នាទីព្រឹកដល់១១ព្រឹកនិងពេលរសៀលចាប់ពីម៉ោង១ ដល់ ៥ ល្ងាច។ ចំណែកវេនយប់យើងត្រូវផ្លាស់ប្ដូរវេនគ្នា ហើយពេលធ្វើការយើងមិនអាចជជែកគ្នាលេងបានទេ ប៉ុន្តែយើងអាចច្រៀងលេងកំដរបរិយាកាសឲ្យដំណើរការងារសប្បាយរីករាយបាន តែត្រូវច្រៀងចម្រៀងដែលទាក់ទងនឹងបដិវត្តន៍លើកស្ទួយដល់របបខ្មែរក្រហម។ ចំណែកស្រ្តីសម្រាលកូន អង្គការអនុញ្ញាតឲ្យឈប់សម្រាកកន្លះខែ។ ក្រោយមកឲ្យទៅមើលកូនក្មេងបំបៅដោះក្មេងចំនួនពីរខែកន្លះ។ លុះគ្រប់៣ខែទើបអង្គការអនុញ្ញាតឲ្យទៅធ្វើការធម្មតា។ យប់ឡើង ប្តីប្រពន្ធអាចនៅជាមួយគ្នាបាន ប៉ុន្តែយើងមិនអាចជជែកគ្នាបានទេ ព្រោះកងឈ្លបឃ្លាំចាំស្តាប់យើងគ្រប់ពេលវេលា។
លុះដល់ខែមេសា ឆ្នាំ១៩៧៨ ចំថ្ងៃចូលឆ្នាំ អង្គការរៀបចំកម្មវិធីចម្លែកដែលមិនធ្លាប់មានពីមុនមកទេ។ ថ្ងៃនោះអង្គការបានធ្វើនំបញ្ចុកឲ្យប្រជាជនហូបមួយឆ្អែត។ ហឿន និងប្តី បានដឹងពីផែនការចង់បោកគ្រាប់បែកសម្លាប់មនុស្សនៅពេលហូបនំបញ្ចុក ក៏ខ្សឹបគ្នាជាមួយប្រជាជនផ្សេងដែលទុកចិត្តបានថា បើអង្គការប្រុងបើកគន្លឹះគ្រប់បែក យើងត្រូវព្រួតគ្នាហក់ទៅសំពងទាំងអស់គ្នាដើម្បីតទល់។ ប៉ុន្តែមិនដឹងហេតុអ្វី បានជាអង្គការបានរំសាយគម្រោងបោកគ្រាប់បែកនេះទៅវិញ។
នៅថ្ងៃ ៧ មករា ១៩៧៩កងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលបានចូលមករំដោះប្រជាជន ប៉ុន្តែនៅសហករណ៍ជំនាប់សាប មិនទាន់បានរំដោះទេ។ កងទ័ពខ្មែរក្រហមនៅគ្រប់គ្រងធម្មតា ទោះបីជាតំបន់ផ្សេងរំដោះបានក៏ដោយ។
រហូតដល់ម៉ោង៩ ចុងខែមេសា ឌុច ចាប់ផ្តើមឆ្ងល់ ព្រោះគ្មានឃើញមេកងបញ្ជាឲ្យធ្វើការដូចរាល់ដង។ ចំណែកក្រឡេកមើលទៅក្រោលគោ ឌុច បានឃើញគោបែកហ្វូង ហើយបាត់មេក្រុម មេកង មេពួក អស់ នៅសល់តែកម្មាភិបាលខ្មែរក្រហមតូចៗថ្នាក់ទាប។ លុះឃើញសភាពការណ៍អំណោយផលយ៉ាងដូច្នេះ ប្រជាជនទាំងអស់បានសម្រេចគ្នារត់ចូលក្នុព្រៃ។ ប្រជាជនខ្លះចាប់បានគោ ខ្លះចាប់បានមាន់ និងខ្លះបានអង្ករយកទៅជាប់ខ្លួនជាមួយ។ ឌុច និងនាង ហឿន យកអង្ករបាន១ករុង ចាប់បានគោ១នឹម រួចទា
ញរទគ្រួសារចូលព្រៃជាមួយបងប្អូននៅក្បែរអូរដា។ មួយសប្តាហ៍ក្រោយមក ស្នូរកាំភ្លើងបានខិតកាន់តែជិតទៅៗ។ ឌុច និងនាងហឿន កាន់តែមានអារម្មណ៍ភ័យផង អរផង ដ្បិតមិនដឹងថាជាសំឡេងកាំភ្លើងរបស់ក្រុមរំដោះ ឬ ក្រុមខ្មែរក្រហម។
នៅម៉ោង១០ព្រឹក កងទ័ពរំដោះបានចូលមកដល់។ ប្រជាជនស្រុកអូរដា បាននាំគ្នាត្រឡប់មកស្រុកកំណើតរបស់គេវិញ។ ឌុច និងនាង ហឿន បានកាន់ដៃគ្នាហែលឆ្លងផុតពីស្បៃងងឹតនេះ៕ (ចប់ដោយបរិបូរណ៍)