Breaking News ៖ មេទ័ពកម្ពុជា-ថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មេ បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ 

ការចរចា បានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ 

សូមបញ្ជាក់ថា ៖ ក្រោយមានការផ្ទុះអាវុធរយៈពេលខ្លីនៅតំបន់ព្រំដែនរវាងថៃ និងកម្ពុជា មេដឹកនាំប្រទេសជិតខាងទាំង២ នៅថ្ងៃទី២៨ ខែឧសភា បានសន្ទនាតាមទូរសព្ទ ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យរីកធំ។ បើតាមលោកស្រី ផែថងថាន ប្រទេសទាំងពីរ បានយល់ពីស្ថានការណ៍ និងកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានឆាប់បំផុត។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានអះអាងថា៖ «យើងមិនចង់ឱ្យជម្លោះរីកធំឡើយ»។

នៅពេលសួរថា តើលោក ថាក់ស៊ីន អាចជួយអន្តរាគមន៍បានទេ? លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន បានឆ្លើយថា «ទំនាក់ទំនងរវាងលោកស្រី និងនាយករដ្ឋមន្ត្រីកម្ពុជា [សម្តេច ហ៊ុន ម៉ាណែត] ល្អស្រាប់រួចទៅហើយ» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print