ក្រោយចប់ការចរចារវាងមេទ័ពជើងគោកទាំង២ លទ្ធផលទទួលបានភាពវិជ្ជមានច្រើន ! រងចាំទ័ពជើងគោក នឹងចេញប្រកាសព័ត៌មាននៃលទ្ធផលជំនួបនាពេលឆាប់ៗ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី ។

សូមបញ្ជាក់ថា ៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។ 

ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។

ការចរចា បានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print