ពិធីបំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស និងគោរពវិញ្ញាណក្ខន្ធសពលោក ព្រិន្ទបាលឯក សួន រ៉ោន និងនាំយកថវិកាវិភាគទានយោធិនមរណៈប្រគល់ជូនដល់គ្រួសារនៃសព

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍លេខ៣ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស ក្នុងឋានៈជា អនុសេនីយ៍ឯក ជូនវីរយុទ្ធជន សួន រ៉ោន យុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានពលីជីវិត នៅព្រឹកព្រលឹមថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នានៅតំបន់មុំបីព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ និងបានអញ្ជើញដឹកនាំសហការី នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃកងពលតូចអន្តរាគមន៍ចំណុះទាំង៣ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងវត្តមានលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងគ្រប់ស្ថប័នចំណុះខេត្តព្រះវិហារ ដើម្បីចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតចំពោះគ្រួសារលោក សឹង ឈួន និងលោកស្រី ឯម ហៀប ត្រូវជាឳពុកម្តាយ និងបងប្អូនកូនក្មួយ នៃសព ។

ការពលីជីវិតរបស់លោកអនុសេនីយ៍ឯក សួន រ៉ោន វីរយុទ្ធមិត្តរួមអង្គភាពរួមអាវុធ មិនត្រឹមតែជាការបាត់បង់នូវកូនជាទី ស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញុតាធម៌របស់លោក លោកស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ តែនេះគឺជាការបាត់បង់នូវកុលបុត្រ វីរយុទ្ធជនដ៏ឆ្នើមមួយរូបដែលជានិច្ចកាល តែងតែលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់លះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិមាតុភូមិ នៃយើង។ ទោះបីរូបកាយរបស់លោក អនុសេនីយ៍ឯក សួន រ៉ោន បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ ការលះបង់ អំណត់អត់ធន់និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍។

ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀមក្រំនេះ តំណាងឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយ-ទាហានរង និងពលទាហានទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលធំអន្តរាគមន៍ចំណុះទាំង៣នៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ សូមសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត។ មួយចំណែកទៀតសូម ចូលរួមសាកសួរសុខទុក្ខ ដល់យោធិន១រូប ដែលរងរបួសស្រាលកំពុងសម្រាកព្យាល ក្នុងមន្ទីពេទ្យសម្តេចតេជោ ហ៊ុនសែន ស្រអែម និងកងម្លាំងមួយចំនួនទៀតដែលរួចផុតជីវិតក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នានៅតំបន់មុំបីព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ  ដែលសុទ្ធតែវីរយុទ្ធជន ហ៊ានលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហានបូជាសាច់ស្រស់ ឈាមស្រស់លះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិមាតុភូមិ នៃយើង។

នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ក៏បាននាំយកថវិកាវិភាគទានយោធិនមរណៈចំនួន១០លានរៀល ប្រគល់ជូនដល់គ្រួសារនៃសព ដើម្បីចូលរួមក្នុងពិធីបុណ្យសពនេះ សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ឯក សួន រ៉ោន បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print