ភ្នំពេញ ៖ ព្រិន្ទបាលឯក សួន រ៉ោន យុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានពលីជីវិតក្នុងអាយុ ៤៧ឆ្នាំ កាលពីថ្ងៃទី ២៨ ខែឧសភា ក្នុងហេតុការណ៍វាយឆ្មក់ពីកងទ័ពថៃទៅលើលេណដ្ឋានកម្ពុជានៅតំបន់មុំបី។ ការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ទទួលបានសាររំលែកទុក្ខគ្រប់មជ្ឈដ្ឋាន និងត្រូវបានចាត់ទុក ជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ។
ការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន គឺដំណឹងដ៏សោកសៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅបានចូលរួមសំដែងនូវការសោកស្តាយ និង ចូលរួមមរណទុក្ខជាមួយគ្រួសារ ហើយទោះបីរូបកាយរបស់លោកបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ ការលះបង់ អំណត់អត់ធន់និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍។
ផ្តើមឡើងពីព្រះមហាក្សត្រកម្ពុជា តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងហឬទ័យសោកស្តាយពេលទទួលដំណឹងថា កងទ័ពពលីដោយសារផ្ទុះអាវុធនៅព្រំដែន។ព្រះសង្គបានចាត់ទុក ការពលីរបស់ព្រឹន្ទបាលឯក សួនរ៉ោនជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ។
ចំណែកសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី និង បានហែលឆ្លងភ្លើងសង្គ្រាមតាំងពីយុវជន សម្តេច បានថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់ ២០១១ នៅប្រាសាទព្រះវិហារ និង បានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាបញ្ជូនគ្រឿងសម្ភាវុធធុនធ្ងន់ទៅកាន់ព្រំដែន ក្នុងន័យការពារទឹកដីខ្មែរ។
ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសាររំលែកទុក្ខ និងចាត់ទុកការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។
ក្រៅពីសារចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ គេឃើញសារចូលរួមរំលែកទុក្ខជាច្រើនទៀត ពីបណ្តាញស្ថាប័នរដ្ឋដែលជាថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងផ្ទាល់និងតាមបណ្តាញសង្គម ខណៈពលរដ្ឋមួយចំនួនទៀត បានទៅគោរពវិញ្ញាណក្ខន្ធសពព្រិន្ទបាលឯក សួនរ៉ោននៅផ្ទះរបស់លោកក្នុងខេត្តព្រះវិហារជាអំណោមជាច្រើនទៀតដែលបង្ហាញពីស្មារតីស្រឡាញ់ គោរពវីរភាព និងការលះបង់សម្រាប់ជាតិមាតុភូមិកម្ពុជា ប្រឆាំងជាមួយការឈ្លានពានថៃ។
សូមបញ្ជាក់ថា ៖ ម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ កងទ័ពឈ្លានពានថៃបានលបលួចវាយឆ្មក់មកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺលោកព្រិន្ទបាលឯក សួន រ៉ោន យុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣។
ក្នុងករណីនេះ វៀតណាមទទូចស្នើសុំឱ្យកម្ពុជា-ថៃបន្តចរចាគ្នាដោយសន្តិវិធីពីបញ្ហាព្រំដែន ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានទទូចស្នើសុំឱ្យកម្ពុជា-ថៃបន្តចរចាគ្នាដោយសន្តិវិធីពីបញ្ហាព្រំដែនដោយវៀតណាមជឿជាក់ថាកម្ពុជា និងថៃនឹងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងដោយសន្តិវិធី បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយកាំភ្លើងនៅព្រំដែន។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៣០ ឧសភានេះ បានស្កាត់ជួបចរចាគ្នាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ជាការចរចាធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ឯកភាពគ្នាជំរុញឱ្យមាន«កិច្ចប្រជុំ»ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាពិសេសតំបន់ផ្ទុះអាវុធ ៕
ដោយ ៖ សិលា