រឿង ជីវិតប្រចាំថ្ងៃក្នុងរបប ប៉ុល ពត(តចប់)

ចែករំលែក៖

មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ តែខ្ញុំរត់ផងដើរផងខ្លាចមិនទាន់ពេលទៅស្ទូង។ សំណាងអាក្រក់ ខ្ញុំបានជួបកងទ័ពប្រហែល ១០ នាក់ដើរឆ្លងតាមផ្លូវជាតិលេខ ៤។ កងទ័ពបានស្រែកសួរខ្ញុំពីផ្លូវម្ខាងទៀតថា មិត្តនារីទៅណាទាំងព្រឹកមានសុំច្បាប់គេ ឬអត់? និយាយរួចកងទ័ពទាំងអស់នោះបានដើរហួសទៅ។ ខ្ញុំដើរយ៉ាងលឿនទៅមុខហើយបានជួបនឹងកងទ័ពបីនាក់ទៀតកំពុងជិះកង់។ពួកគេឈប់កង់ ហើយស្រែកសួរខ្ញុំទៀតថាមិត្តនារីឯងលួចរត់ពីកងមែនទេ? មកទៅជាមួយយើង។ វាបក់ដៃហៅខ្ញុំពីថ្នល់ម្ខាងទៀត។ ខ្ញុំដើរចូលមករកកងទ័ពទាំងនោះហើយពួកគេបានបណ្ដើរខ្ញុំយកមកដាក់គុកនៅព្រៃនប់។ ខ្ញុំភ័យណាស់នឹកថា ជីវិតខ្ញុំពិតជាស្លាប់មុនម៉ែហើយ។ ខ្ញុំសូត្រធម៌នៅក្នុងខ្លួនបន់ស្រន់ដូនតាសូមឲ្យលោកជួយ ហើយឲ្យកងទ័ពទាំងនោះដោះលែងខ្ញុំបានទៅជួបម៉ែរបស់ខ្ញុំវិញ។ ខ្ញុំយកខ្សែដៃ និងខ្សែកដែលម៉ែឲ្យមូរក្នុងជើងខោហើយខ្ញុំមូរជើងខោឡើងត្រឹមភ្លៅ។ ពួកឈ្លបនាំយកខ្ញុំទៅផ្ទះឈើមួយកន្លែងលើភ្នំបត់សិរមាន់ ហើយរុញទ្វារឈើឱ្យខ្ញុំចូលទៅក្នុងរួចប្រាប់ថា មិត្តនារីឯងកុំរត់ប្រយ័ត្នណា។ និយាយរួចនកងឈ្លបក៏ទាញទ្វារបិទឮសូគ្រាំង។ ខ្ញុំបានឃើញប្រជាជនដែលត្រូវពួកកងទ័ពឈ្លបចាប់មកទុកក្នុងផ្ទះឈើនោះមានទាំងស្រីប្រុស និងចាស់ ហើយត្រូវដាក់ខ្នោះជើងទាំងពីរជាប់ៗគ្នា ចំណែកដៃទាំងពីរត្រូវចងច្រវ៉ាក់ក្រព័ទ្ធទៅក្រោយ។ ខ្ញុំមានវាសនាជាងប្រជាជនផ្សេងទៀតដោយសារខ្ញុំអត់មានជាប់ខ្នោះជើងដៃទេ។ ខ្ញុំនៅឈរមើលប្រជាជនក្នុងគុកបានប្រហែលជា ២ ម៉ោងស្រាប់តែមានសំឡេងមនុស្សដើរចូលមកបើកទ្វារ។ ខ្ញុំកើតគំនិតមួយ គឺសុំកងឈ្លបទៅបត់ជើងនៅខាងក្រៅ។កងឈ្លបបានអនុញ្ញាតឲ្យខ្ញុំចេញមកក្រៅ។ ខ្ញុំបានចេញក្រៅរកកន្លែងបត់ជើងមិនដឹងដើរទៅបត់កន្លែងណាក៏ឆ្លេឆ្លា ដើរទៅមុខទៅក្រោយ ម្ដងងើប ម្ដងអង្គុយស្រាប់តែឃើញមេកងក្នុងភូមិជិះកង់ចូលចំកន្លែងឃុំមនុស្ស។ ខ្ញុំឃើញដូច្នោះក៏រត់ចេញទៅជួបគាត់មុន។ ខ្ញុំនិយាយថា លោកពូមេកងជួយខ្ញុំផង ខ្ញុំមករកសុំថ្នាំពេទ្យយកទៅផ្ញើម៉ែឈឺនៅឯកង ឥឡូវគេហៅខ្ញុំមកទីនេះធ្វើអ្វី? ។ ឮខ្ញុំនិយាយដូច្នោះមេកងថាមិត្តនារីឯងទៅវិញចុះ។ ខ្ញុំអរអើយសែនអរក៏ឆាប់រត់ចេញពីទីនោះយ៉ាងលឿនសំដៅទៅកន្លែងស្ទូង។ ទៅដល់ភ្លាមខ្ញុំចុះស្ទូងភ្លាម។ ខ្ញុំមានសំណាងល្អណាស់ថ្ងៃនេះ ពីព្រោះអត់មានមេកងនៅស្ទូងជាមួយខ្ញុំទេ។ ខ្ញុំរួចខ្លួនបានមួយគ្រាដោយពុំមានអ្នកដឹងថាខ្ញុំលួចរត់ទៅជួបម៉ែទេ។ ប្រហែលជាមួយអាទិត្យក្រោយមក ខ្ញុំបានទទួលដំណឹងអាក្រក់ពីក្មេងឃ្វាលគោប្រាប់ខ្ញុំថា បងស្រី និងម៉ែបងឯងស្លាប់ហើយគេយកទៅកប់ក្បែរផ្ទះ។ ឮដូច្នោះហើយ ខ្ញុំស្ទើរតែគាំងបេះដូងមួយរំពេច។ឪពុកម្ដាយរបស់ខ្ញុំស្លាប់ទាំងពីរនាក់ បងប្រុសបង្កើតចំនួនពីរនាក់ទៀតត្រូវបាត់ខ្លួន ប្អូនប្រុសរបស់ខ្ញុំរស់នៅឆ្ងាយមិនដែលបានជួបមុខគ្នាទៀត។
ថ្ងៃបន្ទាប់មក ភ្លៀងធ្លាក់ខ្លាំងណាស់ទាំងថ្ងៃទាំងយប់មិនរាំងសោះ ខ្ញុំនៅធ្វើស្រែក្រោមក្បែរសមុទ្រ។ ខ្ញុំដេកក្នុងរោងជាមួយនឹងប្រជាជនធ្វើស្រែដូចគ្នា។ ខ្ញុំស្រាប់តែទទួលអារម្មណ៍ថា មានទឹកប្រឡាក់ចុងជើងរបស់ខ្ញុំត្រជាក់ៗ។ ខ្ញុំភ្ញាក់ឡើងឮសូរសន្ធឹកទឹកហូរគួរឲ្យខ្លាចណាស់។ ខ្ញុំស្ទុះក្រោកភ្លាមប្រមូលយកអីវ៉ាន់មករៀបចំចងទុកមួយស្បោង។ ទឹកឡើងលិចកន្លែងខ្ញុំដេកទទឹកជោកខ្នង។ ពេលនោះគ្មាននរណាម្នាក់ភ្ញាក់ទេមានតែខ្ញុំក្រោកម្នាក់ឯង។ ខ្ញុំឮសូរមេកងបីនាក់ស្ទុះក្រោកឡើងស្លៀកពាក់វឹបៗ រួចបបួលគ្នាថា តោះមិត្ត ។ ភ្លាមនោះមេកងស្ទុះទៅស្រាយខ្សែទូកហើយទាញច្រវារៀបអុំទូកចេញ។ ខ្ញុំឃើញហើយមិនចាំសួរ ឬសុំការអនុញ្ញាតទេ រួចខ្ញុំក៏លោតឡើងលើទូកជាមួយមេកងភ្លាមហើយយើងធ្វើដំណើរឡើងមកផ្លូវជាតិលេខ ៤ មកទំនប់ព្រៃនប់វិញ។ យើងអុំទូកឡើងមកបញ្ច្រាសទឹកខ្ញុំមើលទៅឃើញទឹកសស្គុះហូរគ្មានឮសូរសំឡេងឡើយ។ ខ្ញុំភ័យជាងគេ អារម្មណ៍របស់ខ្ញុំពេលនោះគិតដល់អ្នកដែលកំពុងដេកលង់លក់ក្នុងដំណេកត្រូវស្លាប់ឬរស់យ៉ាងណាទេ។ទឹកហូរខ្លាំងណាស់ ព្រោះបាក់ទំនប់មួយ។ លុះស្អែកឡើងគ្មានព័ត៌មានថា មានមនុស្សស្លាប់ប៉ុន្មានឬនៅសល់ប៉ុន្មានទេពីការបាក់ទំនប់នោះ។ ខ្ញុំក៏មិនបានឃើញប្រជាជនត្រឡប់ចូលមកភូមិវិញដែរ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print