សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាយើងត្រូវចរចាបញ្ហាព្រំដែនដោយសន្តិវិធី?

ចែករំលែក៖

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ក្នុងករណីមានការរំលោភបំពានណាមួយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសកម្ពុជាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ គឺយើងមានប្រទេសជាមិត្តជុំវិញខ្លួនដូចជា ថៃ វៀតណាម ឡាវ ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ជាមួយគ្នា ប៉ុន្តែយើងមិនអាចជ្រើសរើស យកការស្អប់គ្នានោះទេ ផ្ទុយទៅវិញគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរចំពោះសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារទឹកដីនៅតាមព្រំដែនតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន ខណៈបក្សប្រឆាំងមិនដែលបានចូលរួមជួយដល់កងទ័ពនៅសមរភូមិបានមួយរៀលនោះទេទាំងដែលអួតក្តែងៗថា ស្រលាញ់ជាតិស្រលាញ់ទឹកដី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាលើកទឹកចិត្តដល់កងទ័ពដោយមិនត្រូវបំបែកបំបាក់ការសាមគ្គីទឹកចិត្តរវាងកងទ័ពនឹងជួយលើកទឹកចិត្តស្នេហាជាតិរបស់កងទ័ពយើង។ សូមអ្នកនយោបាយ បើស្រឡាញ់ជាតិត្រូវរួមគ្នាការពារទឹកដី និងរួមគ្នាលើកទឹកចិត្តកងទ័ព នេះជាម៉ោងនាំគ្នាមូលចិត្តមូលគំនិតដើម្បីការពារបូរណភាពទឹកដីទាំងអស់គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print