ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកវិភាគមួយរូបដែលមាត់ស្ពែះ ក្បាលទំពែក បាននិយាយវិភាគបែបបំបាក់ទឹកចិត្តកងទ័ពកម្ពុជាក្នុងពេលដែលកំពុងតែមានបញ្ហាប្រឈមមុខដាក់គ្នា ដែលការនិយាយបែបនេះមិនបានផ្តល់ផលចំណេញអ្វីបន្តិចសោះឡើយដល់ប្រទេសជាតិយើង។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី ឆ្នាំ២០០៨-២០១១ ពេលមានជម្លោះប្រាសាទព្រះវិហារ លោក សម រង្ស៊ី ស្របពេលដែលប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមថវិកាជួយកងទ័ពដើម្បីការពារជាតិ បែរជារូបគាត់ ចោទថា យើងបង្កើតព្រឹត្តិការណ៍ជាមួយប្រទេសថៃដើម្បីទាញចំណាប់អារម្មណ៍ទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកនយោបាយប្រឆាំង រួបរួមគ្នាចូលរួមគាំទ្រកងទ័ពរបស់យើងដើម្បីប្រយុទ្ធការពារទឹកដី កុំប្រើសារញុះញង់បំបែកបំបាក់ផ្ទៃក្នុងរបស់កងទ័ព ដែលប្រការទាំងអស់នេះមិនបានជួយដល់កម្ពុជាទេ បែរជាបម្រើនយោបាយរបស់ប្រទេសដទៃទៅវិញទេ។
ដោយឡែកនៅកម្ពុជា លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្ងៃនេះ បានខោកឱ្យអន្ទិត គីម សុខ អ្នកវិភាគមិនដឹងខ្យល់ ដឹងតែល្ហើយ ថា ៖ នែ អាសុក ! យើងដឹងថា ឯងមិនល្ងង់ដល់ថ្នាក់មិនដឹងពីបែបផែននៃកងទ័ពនោះទេ ប៉ុន្តែក្នុងខួរក្បាលឯងគឺជាខួរក្បាលដោយភ្លើងគំនុំ មានចរិតជាឧទ្ទាមជន ! អ្វី ដែលឯងបាន និងកំពុងធ្វើរាល់ថ្ងៃនេះគឺ ជាការអនុវត្តផែនការដើម្បីបំផ្លាញត្រកូលហ៊ុន ដែលកំពុងដឹកនាំប្រទេសតែប៉ុណ្ណោះ ! ។ គ្រប់ពាក្យសំដីរបស់ពួកអស់ឯងគ្មានអ្វីក្រៅពីការញុះញង់ បំភ្លៃ បំផ្លើស បំប៉ោង សំអុយនោះទេ ។ តែឯងត្រូវដឹងថា ប្រជាជនកម្ពុជាមិនដល់ថ្នាក់ល្ងង់ជឿតាមគំនិតដ៏ថោកទាបរបស់ឯងនិងបក្សពួកមួយដំបស្វានេះឡើយ។ ស្មារតីជាតិនិយម , ការគាំទ្រ ការពារ និងលះបង់ របស់កងទ័ពនិងប្រជាជនកម្ពុជាគឺស្ថិតនៅជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគ្មានថ្ងៃប្រួលប្រែជាដាច់ខាត ! ៕
ដោយ ៖ សិលា