ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះថា កម្ពុជាគ្មានត្រូវការទឹកដីពីប្រទេសណានោះទេ ។ កម្ពុជាសុំរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះមិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា មិនមានយកបញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវសហប្រតិបត្តិការរបស់កម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចហើយនោះទេ។ រឿងក្ដីក្ដាំនៅតែជារឿងក្ដី ប៉ុន្ដែរឿងសហប្រតិបត្តិការនៅតែជាសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែបន្ដមាន»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំឈានដល់ការរើសអើងជាតិសាសន៍ កុំឲ្យមានជម្លោះរាលដាលដល់តំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធាទៅកាន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍ វប្បធម៌ ឬ វិស័យអប់រំដទៃផ្សេងទៀត។ ដូច្នេះសូមយកចិត្តទុកដាក់លើបញ្ហានេះ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ មិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដូចជាការបន្តអនុវត្តយន្តការដែលប្រទេសទាំងពីរបានអនុវត្តកន្លងមក។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តីបានស្នើដល់ក្រុមការងារ លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែន ពោលគឺ«ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។
សមាជរដ្ឋសភានិងព្រឹទ្ធសភា បានគំាទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ៕ ដោយ ៖ សិលា