ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កូរ៉េខាងត្បូង ចាប់ផ្តើមហើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣ ខែមិថុនា បានចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ៦ខែក្រោយប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដោយសារតែការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។

ក្រុមអ្នកបោះឆ្នោតមានវ័យចំណាស់មួយក្រុម បានតម្រង់ជួរនៅឯការិយាល័យបោះឆ្នោតមួយក្នុងតំបន់ Munrae-dong នៃទីក្រុងសេអ៊ូល នៅម៉ោង៦៖០០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបឆ្នោត។ «យើងជាមនុស្សដំបូងគេដែលបានមកដល់ការិយាល័យបោះឆ្នោតជាមួយក្ដីសង្ឃឹមថា បេក្ខជនរបស់យើងនឹងទទួលបានជ័យជម្នះ ហើយក៏ព្រោះតែការបោះឆ្នោតប្រធានាធិបតីមានសារៈសំខាន់បំផុត»។ នេះជាការលើកឡើងរបស់អ្នកបោះឆ្នោតម្នាក់ឈ្មោះ Yu Bun-dol មានអាយុ៨០ឆ្នាំប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយបន្ថែមថាលោកយាយនឹងបោះឆ្នោតគាំទ្របេក្ខជនមកពីគណបក្សអំណាចប្រជាជន (People Power Party ឬហៅកាត់ថា PPP ដែលជាបក្សអភិរក្សនិយមនៅកូរ៉េខាងត្បូង។
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់បានបោះឆ្នោតរួចហើយមុនកាលកំណត់ ដោយក្នុងនោះ១ភាគ៣ នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត បានបោះឆ្នោតមុនកំណត់រយៈពេល២ថ្ងៃកាលពីសប្ដាហ៍មុន។ ការស្ទង់មតិចុងក្រោយបំផុតធ្វើឡើងដោយស្ថាប័ន Gallupបានបង្ហាញថាបេក្ខជនសេរីនិយម លោក Lee Jae-myung គឺជាបេក្ខជននាំមុខគេ ដោយទទួលបានការគាំទ្រ៤៩ភាគរយ ខណៈលោក Kim Moon-soo ជាបេក្ខជន មកពីគណបក្ស PPP ដែលជាអតីតបក្សរបស់លោក Yoon ទទួលបានការគាំទ្រ ៣៥ភាគរយ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print