ភ្នំពេញ ៖ ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពក្នុងអាយុ ៨០ ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡា ល្បុក្កតោ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
សូមរំលឹកថា ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ»ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។
កន្លងទៅព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានឲ្យដឹងថា «ល្បុក្កតោ» ត្រូវបានបែងចែកជា២ ដែលមួយគេហៅថា «ក្បាច់គុនមនុស្សលោក» និងមួយទៀត គេហៅថា «ក្បាច់គុនអាទិទេព» ហើយនៅលើពិភពលោកអត់មានដូចខ្មែរទេ។«ក្បាច់គុនអាទិទេព» សម្តៅដល់ សាក់យ័ន្ត បាលី គាថា កាប់មិនមុតដុតមិនឆេះ ស្បែកគង់ មហាទម្ងន់ មហាសម្រាល មហារំអិល ជាដើម។ ចំណែក ឯ «ក្បាច់គុនមនុស្សលោក» សម្តៅដល់យុទ្ធគុន ដែលមានគុនដំបង គុនដាវ គុនលំពែង ក៏ដូចជាសិល្បៈប្រដាល់ជាដើម។
លោកព្រឹទ្ធាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្បាច់គុនជាច្រើន លើពិភពលោកគេមានតែមួយទេ ដូចជា ការ៉ាត់តេ តេខ្វាន់ដូ យូដូ កុងហ្វូ និងក្បាច់គុននានា។ ប៉ុន្តែ ខ្មែរយើងមានក្បាច់គុនអាទិទេពមួយទៀត នៅក្នុងក្បាច់គុនល្បុក្កតោ ដែលចាស់ៗនិយាយថា កាប់មិនមុតដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ។ យើងឃើញសាក់យ័ន្ត ឬបាលី សុទ្ធតែសម្តៅលើក្បាច់គុនអាទិទេព ព្រោះនៅក្នុងទាំងអស់ហ្នឹង សុទ្ធតែបាលី និងគាថារបស់អាទិទេព»។
លោកបានបន្តថា «នេះជាជំនឿពិតរបស់ដូនតា។ ខ្ញុំមិនដឹងថា ខ្ញុំពូកែ ឬមិនពូកែទេ តែខ្ញុំអភិរក្សរបស់ទាំងអស់នេះ។ ខ្ញុំចេះមិនអស់ទេ គឺចេះប្រមាណ ២០ទៅ ៣០ភាគរយ នៃក្បាច់គុនល្បុក្កតោតែប៉ុណ្ណោះ។ ក៏មានអ្នកចេះដទៃទៀតជាច្រើនដែរ។ ដូនតាយើង ចេះក្បាច់បំបាំងខ្លួន បែងភាគ សុទ្ធតែជារឿងពិត ដែលខ្ញុំធ្លាប់ឃើញ ធ្លាប់ដឹង។ និយាយទៅ គេមិនជឿទេ ព្រោះគេមិនដែលឃើញ។ គ្រូខ្ញុំគេវាយគាត់ គេមានគ្នា ៤០នាក់ កាប់គាត់តែមិនមុត គ្រាន់តែពកគ្រប់កន្លែង ព្រលឹមឡើងបាត់អស់រលីង។ ខ្ញុំមិនដែលឃើញគេដុតគាត់ទេ តែគេកាប់គាត់ ខ្ញុំឃើញ។ ខ្ញុំអត់មានអីថតទុក តែខ្ញុំថតទុកក្នុងភ្នែករាល់ថ្ងៃហ្នឹង។ គាត់ផឹកថ្នាំខ្មែរ ហើយដេកត្រាំថ្នាំខ្មែរផង បូកជាមួយការរៀនបាលី ដើម្បីធ្វើឲ្យស្បែកគង់។ គាត់ឲ្យបាលីខ្ញុំ តែពេលអាពត ចូលមកធ្វើឲ្យបាត់ បើនៅខ្ញុំបោះពុម្ភទុកចែកឲ្យបានដឹង ឲ្យកូនខ្មែរ ខ្លាំងពូកែដូចជំនាន់មហានគរ»។
តាមជាគួរសោកស្តាយចំពោះដំណឹងមរណភាព ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន សូមឱ្យដួងវិញ្ញាណក្ខន្ត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា