ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែល ដឹកនាំដោយលោក Liu Jinghua អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន ក្នុងគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកបានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប លោក Liu Jinghua បានថ្លែងអំណរគុណចំពោះ លោកអគ្គលេខាធិការរង ដែលបានទទួលជួបពិភាក្សាការងារ នាឱកាសដំណើរទស្សនកិច្ចការងារលើកដំបូងមកកាន់កម្ពុជា។ ស្របគ្នានេះ លោកក៏បានសម្តែងនូវសេក្តីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកមានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកបាន សន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។
សូមបញ្ជាក់ថា សក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា៕
ប្រភព ៖ «CCFR China state-controlled media »